កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន នៅរដ្ឋធានីម៉ានីល កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ ក្នុងឆ្នាំ២០២១ និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំន នងទ្វេភាគីលើវិស័យនានាបន្ថែមទៀត។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងបានលើកឡើងអំពីសារសំខាន់ជាយុទ្ធសាស្ត្រនៃជំនួបពីរលើករវាងសម្តេចធិបតី និង ឯកឧត្តមប្រធានាធិបតី Marcos ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រដ្ឋមន្ត្រីទាំងពីរបានអបអរសាទរ កិច្ចប្រជុំលើកទី៣ប្រកបដោយផ្លែផ្កានៃគណៈកម្មាធិការចម្រុះសហប្រតិបត្តិការយោធាកម្ពុជា-ហ្វីលីពីន កាលពីឆ្នាំទៅ និងបានឯកភាពពង្រឹងការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការ ល្អដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរ មនុស្ស។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យ ទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរបានពិភាក្សា ផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍ ធុរកិច្ចផ្នែកកសិកម្ម។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគ្នាក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ភាគីទាំងពីរបានកត់ សម្គាល់ដោយពេញចិត្តនូវកំណើនទេសចរណ៍ និងបានឯកភាពរួមគ្នាជំរុញនូវគោលដៅទេសចរណ៍នានា តាមរយៈការខិតខំបង្កើតជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងបញ្ចប់ឲ្យបានឆាប់នូវការពិភាក្សាលើកម្មវិធីអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០២៤- ២០២៨។ ភាគីទាំងពីរក៏បានឯកភាពពន្លឿនការបន្តសុពលភាពកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ ការលួច និងការជួញដូរខុសច្បាប់នូវទ្រព្យសម្បត្តិវប្បធម៌។
ចំពោះវិស័យការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ភាគីទាំង ពីរបានឯកភាពបន្តឡើងវិញនូវអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើវិស័យការងារ និងទន្ទឹងរង់ចាំមាន ការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
កិច្ចប្រជុំបានពិភាក្សាយ៉ាងទូលំទូលាយលើវិស័យដទៃទៀត រួមមាន សុខាភិបាល បច្ចេកវិទ្យា ព័ត៌មាននិងទូរគមនាគមន៍ បរិស្ថាន ការតភ្ជាប់ ការដឹកជញ្ជូន លំនៅឋាននិងនគរូបនីយកម្ម មុខងារ សាធារណៈ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។
រដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តស្ថានការណ៍នៅក្នុងតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីកង្វល់រួម និងបានគូសបញ្ជាក់ពីការប្តេជ្ញារួម ក្នុងការចូលរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសាកលលោក។ រដ្ឋមន្ត្រីទាំងពីរ បានតាំងចិត្តបន្ត ពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុង តំបន់ និងលើឆាកអន្តរជាតិ។
កិច្ចប្រជុំត្រូវបានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការ ចម្រុះកម្ពុជា-ហ្វីលីពីន លើកទី៤។ កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ លើកទី៥ ក្នុងឆ្នាំ២០២៦៕