ភ្លើងគប់កីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២នឹងដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ជាម្ចាស់ផ្ទះ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់​ថា ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ នឹងត្រូវដង្ហែផ្សព្វផ្សាយ​នៅខេត្តចំនួន៤ដែលទទួលធ្វើជាម្ចាស់ផ្ទះមានដូចជា ខេត្ត កំពង់ឆ្នាំ កែប ស្វាយរៀង និងខេត្ត ព្រះសីហនុ។

ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ខេត្តចំនួន៤នេះ នឹងត្រូវៀបចំរត់ភ្លើងគប់ ដើម្បី​ឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥រួមមានទី១.កីឡារស់នៅក្នុងសន្តិភាពនៅតែបន្ត .ទី២.ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយ​មុខប្រ​ចាំជីវិត ទី៣.កីឡាគ្មានផ្សែងបារី ទី៤.កីឡាគ្មានគ្រឿងញៀន និងទី៥. កីឡាគ្មានសារធាតុ​ដូពីង និងកីឡាបៃតង។

ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា កម្មវិធីរត់ភ្លើងគប់ផ្សព្វផ្សាយនៅខេត្ត​ទទួលធ្វើ​ជាម្ចាស់​ផ្ទះ មុនព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៤ និងជនពិការលើកទី២នេះ គឺដើម្បីចូលរួមអបអរសាទរនៃពិធីបើកការប្រកួតកីឡាជាតិ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្កើត​នូវនិមិត្តរូប នៃភាពជោគជ័យដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កម្មវិធីរត់ភ្លើងគប់ក្នុងខេត្តទទួល​ធ្វើជា​ម្ចាស់ផ្ទះកីឡាជាតិលើកទី៤នេះ នឹងត្រូវចាប់ផ្តើម នៅពាក់កណ្តាលខែ កញ្ញា ឆ្នាំ២០២៤ ដោយចាប់ពីខេត្ត ស្វាយរៀង ខេត្តទី២ កែប ខេត្តទី៣ ព្រះសីហនុ និង ខេត្តចុងក្រោយ គឺខេត្តកំពង់ឆ្នាំង នាអំឡុង ខែ តុលា កៀកនឹងការប្រារពព្រឹត្តិការណ៍កីឡាជាតិតែម្តង។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ចាប់ផ្តើមពីថ្ងៃទី២៩ ខែ តុលា ដល់ ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ។ ចំពោះ ការរត់ភ្លើងគប់ថ្ងៃពិធីបើកកីឡាជាតិ នឹងចាប់ផ្តើមពីខេត្តកណ្តាល ស្ថិតនៅចំណុច កន្លែងពិធីបើកព្រែកជីកហ្វូណនតេជោ រហូតដល់ពហុកីឡដ្ឋានតែម្តង៕

រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner