បិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ សង្កាត់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ ទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋចំនួន៥ភូមិ រួមមានភូមិក្តីតាកុយ ភូមិវាលស្បូវ ភូមិស្វាយតាអុក ភូមិព្រែកជាងព្រុំ និងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលខណ្ឌ សហការជាមួយមន្ទីរ រៀបចំដែនដី នគររូបនីយ កម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងការិយាល័យសុរិយោដីខណ្ឌ បានរៀបចំ ពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ដើម្បីទុកពេលអោយបងប្អូនដែលជាម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារអោយបានត្រឹមត្រូវក្នុង រយៈពេល ១៥ថ្ងៃគិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ ។
ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, លោកលឹម ពី ប្រធាការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង៣០០នាក់ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានមតិទៅកាន់ប្រជាពលរដ្ឋដូច្នេះថា ពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ដូច្នេះ ហើយ សូមបងប្អូនអញើញមកពិនិត្យ ផ្ទៀងផ្ទាត់អោយបានច្បាស់លាស់ក្នុងរយៈពេល១៥ថ្ងៃនេះ។ ព្រោះថាប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើន ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់អចលនៈវត្ថុឬការកាន់កាប់ដីធ្លីស្របច្បាប់គ្មានជនណាមករំលោភបំពានបានឡើយ ។
សូមបងប្អូនប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារ នៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
ជាមួយគ្នានេះដែរលោកអភិបាល បានធ្វើការអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានដឹង នឹងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានអនុវត្តតាមនីតិវិធីអោយបានគ្រប់ៗគ្នា ។
ក្នុងឱកាសនេះលោកអភិបាលខណ្ឌបានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបើមានផ្ទះជួលសូមកុំឲ្យជួលអោយ ក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូតាមអនឡាញជាដើម ។ ការចូលរួមរបស់បងប្អូនគឺមានន័យថា បងប្អូនបានរួមចំណែកជាមួយអាជ្ញាធរក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងមួយផ្នែកទៀតបងប្អូនបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងប្រទេស ៕
ដោយ ៖ វណ្ណលុក