សិក្ខាកាម ២៤នាក់ បញ្ចប់វគ្គសាមគ្គីអូឡាំពិករដ្ឋបាលកីឡាដោយជោគជ័យ
(ឧត្តរមានជ័យ)៖ វគ្គសាមគ្គីអូឡាំពិក ស្តីអំពីរដ្ឋបាលគ្រូកីឡា ដែលរៀបដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដំណើរវគ្គអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ មានសិក្ខាកាមចូលរួម ចំនួន ២៤នាក់ មកពីគ្រឹះស្ថានសិក្សាក្នុងខេត្ត ឧត្តរមានជ័យ ក្រោម ការបង្រៀន ពីគ្រូឧទ្ទេសចំនួន៤រូប ជាមន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ចប់ ដោយជោគជ័យ។
វគ្គនេះរៀបចំដោយគណៈ កម្មាធិការ ជាតិ អូឡាំពិកកម្ពុជា ក្រោមគម្រោងឧបត្ថម្ភ ពីសាមគ្គីអូឡាំពិក បង្ហាត់ដោយ គ្រូឧទ្ទេស ចំនួន ៤រូប មាន ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា តំណាង ឯកឧត្តមវ៉ាត់ ចំរើន ឧទ្ទេសនាម ស្តីពី ប្រវត្តិមូលដ្ឋានគ្រឹះ នៃទស្សនវិជ្ជា អូឡាំពិក. គោលការណ៍ នៃការដឹកនាំចលនាអូឡាំពិក. រចនាសម្ព័ន្ធកីឡាជាតិ អភិបាល កិច្ចល្អ ។
គ្រូឧទ្ទេស ឯកឧត្តម ណយ ផាណា ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា ស្តីពី ការកំណត់អត្តសញ្ញាណ និស្ស័យទេពកោសល្យរបស់កីឡាករ ផែនការ ធ្វើដំណើរបស់គណៈប្រតិភូកីឡា និងលេងដោយយុត្តិធម៍ ។ លោក ឯម ហៀង ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្តីពី ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡា និងរូបមន្តប្រកួតកីឡា ។
លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី អនុប្រធានគណៈកម្មការវេជ្ជសាស្ត្រ អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧទ្ទេសនាមស្តីពី វេជ្ជសាស្ត្រ កីឡា ភោជ្ជនាអាហារ និងភេសជ្ជៈ សម្រាប់កីឡាករ កីឡាការិនី ការពាររបួសក្នុងកីឡា និងការសង្គ្រោះបឋម។
ឯកឧត្តម ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិកស្តីអំពីរដ្ឋបាលកីឡានេះ ពិតជាមាសសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់មន្រ្តីកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងស្រុកយកទៅប្រើប្រាស់និងអនុវត្តចំពោះវិស័យកីឡា ។
ឯកឧត្តម បានពន្យល់ទៀតថា ចំណេះដឹងដែលចែករំលែកក្នុងវគ្គនេះ បានបញ្ជ្រាបគ្រប់ រឿងអំពីជំហ៊ានក្នុងការអភិវឌ្ឍកីឡា ហើយប្រសិនបើយក ចំណេះដឹងនេះ ទៅអនុវត្ត និងប្រើប្រាស់ វានិងជួយឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើងអភិវឌ្ឍន៍រីកចំរើន។
សូមបញ្ជាក់ថា ឆ្លងកាត់ការយកចិត្តទុកដាក់ខិតខំសិក្សាអស់រយៈពេល៤ថ្ងៃមកនេះ គ្រូឧទ្ទេសវគ្គសិក្សាបានវាយ តម្លៃ និងផ្តល់លទ្ធផលដូចខាងក្រោម៖និទ្ទេសល្អណាស់ ១១ នាក់ = ៤៥ % និទ្ទេសល្អ ៦នាក់ = ២៥ %និទ្ទេសមធ្យម ៧នាក់ = ៣០ %៕
រូបភាព ៖ គណៈកម្មាធិការជាតិអូឡាំពិក
អត្ថបទ ៖ ជាវ ចន្ធូ