ឯកឧត្ដមអភិបាលរាជធានីភ្នំពេញចាត់តំណាងនាំយកលិខិតរំលែកទុក្ខនិងថវិកា១០លានរៀល,ទឹកសុទ្ធ១០០កេសជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២
(ភ្នំពេញ)៖នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទីនេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុតជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ត្រី សៅ រក្សា បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោក សុខ ពេញវុធ បានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេងព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន ១០.០០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ១០០កេស ដើម្បីរៀបចំពិធីបុណ្យសពទៅតាមទំនៀមទំលាប់ប្រពៃណី ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ