ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តសៀមរាប២រូប
សៀមរាប៖លោកឌី រ៉ាដូ និងលោក ហែន ពុទ្ធី ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាបជាផ្លូវការកាលពីព្រឹក
ថ្ងៃសុក្រទី៣០ ខែសីហា ឆ្នាំ២០២៤ជំនួសលោក ប៉ិន ប្រកដ ដែលត្រូវទៅទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបងនិង ឯកឧត្តម លី សំរិទ្ធ ដែលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាខេត្ត។ពិធីបានប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តក្រោមអធិបតីភាពឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងមន្រ្តីនៃមន្ទីរនានាចំណុះរដ្ឋបាលខេត្ត។
សូមជម្រាបថា មុនទទួលតំណែងជាអភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ ជាអភិបាលរងខេត្តឧត្តរមានជ័យ។ចំណែក លោក ហែន ពុទ្ធី ជានាយករងរដ្ឋបាលសាលាខេត្ត ។
ក្នុងពិធីនេះឯកឧត្តម អ៊ុ ម៉ារ៉ា តំណាងឱ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកដល់អភិបាលរងដែលទើបនឹងត្រូវបានតែងតាំងថ្មីទាំងពីររូប ឱ្យយកចិត្តទុកដាក់ដឹកនាំដោយផ្អែកលើអភិបាលកិច្ចជាមូលដ្ឋាន ,គោរពតាមការណែនាំរបស់អភិបាលខេត្ត និងរួមគ្នាសម្រេចភារកិច្ចធំៗជូនរដ្ឋបាលខេត្ត ដែលជាខេត្តទេសចរណ៍ដ៏មានសក្តានុពល។
ចំណែកអភិបាលរងខេត្តទាំងពីរបានប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សាការពារបូរណភាពទឹកដី ,គោរពអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងខណ្ឌ, ប្តេជ្ញាគោរពតាមការណែនាំរបស់អភិបាលខេត្ត និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងរក្សាសាមគ្គីភាពផ្ទៃក្នុង៕
ដោយ៖ ប៊ុន រដ្ឋា