សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ ដុតកម្ទេចចុងស្លាបមាន់បង្កកគ្មានច្បាប់ជាង២តោន
បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តសហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ នូវផលិតផលបក្សីមានចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាមកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក តោ មេសា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឱ្យដឹងថាទំនិញនេះពុំមានច្បាប់អនុញ្ញាត។ចំណែកការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផល ក៏មិនអនុលោមតាមខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឱ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព ។ ហេតុនេះជំនាញពាក់ព័ន្ធមិនអនុញ្ញាតឱ្យចែកចាយ លក់ដូរនៅលើទីផ្សារបានជាដាច់ខាត។ដោយសារចំណុចប៉ះពាល់ដល់សុខភាពនេះ សមត្ថកិច្ចចម្រុះសម្រេចកម្ទេចចោលនៅរសៀលថ្ងៃដដែលនៅចំណុចដីឡូត៍មួយកន្លែងនាភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់សមត្ថកិច្ចជំនាញថា ចុងស្លាបមាន់បង្កក២០០កេសនេះ ខ្លួនបានទទួលពីអ្នកលួចនាំចូលពីប្រទេសថៃ ៕
ដោយ៖ឃិន គន្ធា