មេដឹកនាំបណ្តុំអង្គការសមាគមស៊ីវិលឆ្លើយតបទៅនឹងការចោទប្រកាន់របស់ជនក្បត់ជាតិ៣ជំនាន់
ភ្នំពេញ៖ ផែនការទុច្ចរិតរបស់ជនក្បត់ជាតិ ៣ជំនាន់ ដែលព្យាយាមញុះញង់ឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងតាមរយៈការបង្កើតនូវព័ត៌មានមិនពិតលើគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ នៅទីបំផុតបានជំរុញឱ្យខ្មែរកាន់តែរួបរួមគ្នា។ ប៉ុន្មានថ្ងៃមកនេះ ខណៈមហាចលនាជាតិខ្មែរ ដែលរួមកិច្ចសហការជាមួយរាជរដ្ឋាភិបាល បានបកអាក្រាត និងថ្កោលទោស នូវល្បិចកលលាបពណ៌ ចោទប្រកាន់ថាគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ បានធ្វើឱ្យបាត់បង់ទឹកដីខេត្តខ្មែរទាំងបួននោះមក សម រង្ស៊ី បានបំបែរមុខព្រួញចោទថា រាជរដ្ឋាភិបាល អស់លុយធ្វើផ្លូវ ដោយសារតែចំណាយលុយជាតិរយលានដុល្លារ Free នៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្តែនៅពេលដែលទណ្ឌិតរូបនេះ កាន់តែបង្កើនលើការប្រឌិតព័ត៌មានមិនពិតទាំងនេះពលរដ្ឋខ្មែរ ដែលជាសាក្សីជាក់ស្តែងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គឺព័ត៌មានក្លែងក្លាយទាំងនោះហើយ បានជួយជំរុញឱ្យពលរដ្ឋកាន់តែឃើញជាក់ស្តែងនូវទង្វើក្បត់ជាតិ និងក្បត់ប្រជាជន ដោយសារតែគេបានឃើញថាសម្តីចោទប្រកាន់ទាំងនោះ ខុសពីការពិតទាំងស្រុង។
លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមស៊ីវិល បានថ្លែងថា “ប៉ុន្តែនៅក្នុងន័យនយោបាយ ខ្ញុំចង់ឆ្លើយតបវិញថា ចំពោះគម្រោងរបស់ក្រុមជ្រុលនិយម ខ្ញុំគិតថាមិនដែលបានប្រយោជន៍ដល់សង្គមជាតិឡើយ។ ប៉ុន្តែអ្វីដែលគាត់កំពុងតែធ្វើនេះហាក់បីដូចជាចូលរួមច្រានចលនាមួយឱ្យប្រជាពលរដ្ឋគេបានដឹងក្រយ៉ៅរបស់គាត់កាន់តែអាក្រក់ទៅៗនូវនយោបាយខ្មៅកខ្វក់។ ហេតុអ្វីបានជាយើងនិយាយអ៊ីចឹង គឺគាត់តែងតែបង្កើតនិងប្រឌិតព័ត៌មានម្តងហើយម្តងទៀត ក្រឡៃការពិត មូលបង្កាច់ ជាពិសេសគឺចោទប្រកាន់ទៅដល់ឥស្សរជន ឬរាជរដ្ឋាភិបាលនីតិកាលទី៧តែម្តង។ អញ្ចឹងអ្នកណាចូលរួមឆ្លើយតប គឺមហាជន”។ លោកបន្តថា “ឥឡូវគេចូលរួមឆ្លើយតបគ្រប់គ្នាហើយ ហើយអ្វីដែលយើងផ្តោតនោះ គឺអស់ពីរឿងមួយទៅរឿងមួយ សូម្បីតែគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមហាសាលនោះ ក៏គេរិះរកវិធីសាស្រ្តក្នុងការជាន់ពន្លិច។ នៅក្នុងការប្រកួតកីឡា ការបើកស៊ីហ្គេម ប៉ារ៉ាហ្គេមក្តី គឺពួកគាត់តែងតែរកវិធីសាស្រ្តក្នុងការជាន់ពន្លិចតែម្តង ទន្ទឹមនឹងប្រទេសកម្ពុជាកំពុងតែទទួលបាននូវមុខមាត់នៅលើឆាកអន្តរជាតិ និងជាតិផុសផុល គឺគាត់អត់បានចូលរួមសាទរទេ ត្រឡប់ទៅវិញ គឺគាត់បានចូលរួមរុញច្រានដល់សកម្មជនរបស់គាត់ ឬគេហៅថាអ្នកគាំទ្ររបស់គាត់ឱ្យមើលមកប្រទេសកម្ពុជានៅក្នុងន័យអវិជ្ជមាន និងខ្មៅកខ្វក់ ទន្ទឹមនឹងដែលយើងដឹងថាវាគឺជាមោទនភាពជាតិ”។
លោក ហេង សំណាង បានបន្តទៀតថា រឿងអ្វី គាត់ចេះតែប្រឌិតរឿងអ៊ីចឹង យើងចង់វិភាគយ៉ាងខ្លីថា នៅពេលណាដែលគាត់កាន់តែវាយតម្លៃរាជរដ្ឋាភិបាល វាស្មើនឹងជាន់ពន្លិចជាតិខ្លួនឯង និងប្រជាជនកម្ពុជាយើងទាំងមូលខ្មែរយើងទាំងអស់ ដោយសារអ្វីគេធ្វើ ដើម្បីប្រទេសជាតិហើយគាត់ធ្វើដើម្បីមហិច្ឆតារបស់គាត់តែម្នាក់ឯងហ្នឹង។ អ្វីក៏គាត់មិនទទួលស្គាល់ៗ ចូលមកដល់ស៊ីអិលវីគាត់បំផុស ប៉ុន្តែក៏ខ្ញុំចង់រំលេចឱ្យច្រើនបន្តិច សូម្បីតែស៊ីអិលវីក៏ដោយ គម្រោងការណ៍គេ គឺឆ្នាំ១៩៩៩ គឺក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បើចេះបាត់ទឹកដី បាត់យូរហើយអ្នកណាក៏ដឹងដែរចម្លើយហ្នឹង តែយើងអរគុណគេទៅវិញទេ អរគុណត្រង់យ៉ាងម៉េច បើកុំតែគេដាស់ទេ គឺប្រជាពលរដ្ឋចលនាមហាជន អត់បានងើបមកដល់បច្ចុប្បន្ននេះទេ។ យើងគិតពីចំណុចវិជ្ជមាន អ្នកឯងកាន់តែជាន់ អ្នកឯងកាន់តែមើលងាយជាតិសាសន៍ខ្មែរខ្លួនឯង គឺប្រជាពលរដ្ឋពិតណាស់ នឹងចូលរួមកាន់តែច្រើនដើម្បីឆ្លើយតបគ្រប់សកម្មភាពគ្រប់ទម្រង់ ទៅដល់ក្រុមជ្រុលនិយមជាពិសេសនោះ គឺទណ្ឌិតក្បត់ជាតិបីជំនាន់នោះតែម្តង ដែលយើងត្រូវតែយល់ថា បើលោកកាន់តែបំផុសព័ត៌មានប្រឌិតការពិត គឺមហាជននាំគ្នាកំចាត់ទៅវិញ។ អ៊ីចឹងចលនានេះ គឺជាចលនាផុសផុលណាស់ដែលជាមេរៀនមួយថា អ្នកបញ្ឈប់បាន គឺបញ្ឈប់ទៅ អ្នកកាន់តែនិយាយច្រើន (អ្នក) កាន់តែបាត់តម្លៃ»។
ជាមួយគ្នានេះ លោក ហេង សំណាង បានសំណូមពរដល់ប្រជាជនខ្មែរ កុំជឿតាមការញុះញង់របស់បុគ្គលមួយចំនួន ដែលតែងតែផ្តល់ព័ត៌មានក្លែងក្លាយ ផ្តល់ព័ត៌មានមិនពិត ឱ្យប្រឆាំងខុសនិន្នាការនយោបាយ នាំឱ្យខូចផលប្រយោជន៍ខ្លួនឯង ក៏ដូចជាសង្គមគ្រួសារដូចជាការរកស៊ីផ្សេងៗ ខាតពេលវេលា។ សម្រាប់លោកផ្ទាល់ ដូចស៊ាំហើយ សម្រាប់ក្រុមប្រឆាំងមួយចំនួនតូចនេះ ដែលថ្នាក់ដឹកនាំកំពុងតែខិតខំអភិវឌ្ឍន៍ កំពុងតែខិតខំដើម្បីខ្មែរយើងទាំងអស់គ្នា តែសម្រាប់ពួកប្រឆាំងមួយចំនួនតូចនេះដែលគាត់ថា ថ្នាក់ដឹកនាំធ្វើអីក៏ចេះតែខុស ធ្វើអីទៅដើម្បីតែផលប្រយោជន៍គេ លោកមិនគាំទ្រ ជាមួយការប្រឆាំងបែបនេះទេ។
ប្រភពដដែលបានលើកឡើងថា ការពិតទៅថ្នាក់ដឹកនាំ គាត់បានខិតខំអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីធ្វើព្រែកជីកហ្វូណន នេះមួយឱ្យបានជោគជ័យ ដើម្បីបង្ករបង្កើនសេដ្ឋកិច្ចក៏ដូចជាធ្វើពាណិជ្ចកម្មជាមួយអន្តរជាតិដែរ។ សូមផ្តាំទៅខាងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយចំនួនតូចសូមឱ្យឈប់ប្រឌិតព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់លក្ខណៈជាន់ឈ្លីប្រទេសខ្មែរខ្លួនឯង ដែលធ្វើឲ្យខ្មែរបាត់បង់នូវកិត្តិយស កេរ្តិ៍ឈ្មោះ ក្នុងនាមជាម្ចាស់ផ្ទះ។ សូមឱ្យឈប់ជាបន្ទាន់ ឈប់នូវការញុះញង់ ហើយនិងបំផ្លើសព័ត៌មានទាំងអស់នេះ។ ថ្នាក់ដឹកនាំគាត់ខំណាស់ ខំដើម្បីប្រជាជនខ្មែរនិងប្រទេសជាតិ»៕
ដោយ៖ពលជ័យ