ពលករ និងពលរដ្ឋខ្មែរនៅថៃ ពេញចិត្តបរិច្ចាគថវិកាជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ដើម្បីបូរណភាពទឹកដី
(ភ្នំពេញ)៖ បងប្អូនពលករខ្មែរនៅប្រទេសថៃ បង្ហាញពីការស្រលាញ់ជាតិពិតប្រាកដតាមរយៈការសប្បាយរីករាយ បរិច្ចាគថវិកាជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីបុព្វហេតុការពារទឹកដី ភ្នំ ព្រៃឈើ ធនធានធម្មជាតិនៅតំបន់ព្រំដែន ពិសេសដើម្បីប្រទេសជាតិមានការអភិវឌ្ឍ ប្រកបដោយចីរភាព និងនិរន្តរភាព។
អ្នកស្រីខន ស្រីតុ ពលការិនីនៅប្រទេសថៃ បានចូលរួមថវិកា ហើយបានបង្ហោះបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការចូលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិ ក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត។
លើបណ្តាញសង្គមហ្វេសប៊ុក កម្មការិនី អ៊ុង ភក្តី ដែលបានចូលរួមក្នុងសកម្មភាពនេះ បានអំពាវនាវដល់ពលករខ្មែរនៅថៃ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ផងដែរ។
គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង ១១លានដុល្លារហើយ ៕
ដោយ ៖ ង៉ាន់ ទិត្យ
ប្រភព ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ