កូរ៉េខាងត្បូងស្នើឱ្យក្រុមហ៊ុនបណ្តាញសង្គមធំៗ ជួយទប់ស្កាត់ឧក្រិដ្ឋកម្មផ្លូវភេទតាមប្រព័ន្ធឌីជីថល
សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ពួកគេមានផែនការស្នើសុំក្រុមហ៊ុន Telegram, Facebook, X និង Instagram ព្រមទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ឱ្យជួយចូលរួមកាន់តែសកម្មបន្ថែមទៀត ដើម្បីលុបបំបាត់ និងទប់ស្កាត់មាតិកាមានលក្ខណៈស្រើបស្រាលផ្នែកផ្លូវភេទ ដែលកំពុងកើនឡើងខ្លាំង។
សំណើរបស់អាជ្ញាធរកូរ៉េខាងត្បូងនេះ កើតឡើងចំពេលផ្ទុះការខឹងសម្បារពីសាធារណៈជន និងអ្នកនយោបាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានរាយការណ៍ថា រូបភាព និងវីដេអូមិនពិតបែបអាសអាភាសរបស់ស្រ្តីកូរ៉េខាងត្បូង ត្រូវបានរកឃើញជាញឹកញាប់ក្នុងគ្រុបជជែកតាម Telegram។
គណៈកម្មការស្តង់ដារទំនាក់ទំនងកូរ៉េបាននិយាយថា ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង ដើម្បីជួយដល់ជនរងគ្រោះត្រូវបានបង្កើតឡើង ហើយចំនួនបុគ្គលិកនិយតកម្មដែលឃ្លាំមើលឧក្រិដ្ឋកម្មផ្លូវភេទតាមឌីជីថល នឹងកើនឡើងទ្វេដងនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េនឹងចាត់វិធានការជំរុញការងារនេះក្នុងរយៈពេល៧ខែ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មផ្លូវភេទតាមអ៊ីនធឺណិត។
ចំនួនករណីឧក្រិដ្ឋកម្មផ្លូវភេទក្លែងក្លាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងពី ១៥៦ករណីក្នុងឆ្នាំ ២០២១ ដល់ ២៩៧ករណី គិតមកទល់ពេលនេះ ដោយជនល្មើសភាគច្រើនជាក្មេងជំទង់ នេះបើយោងតាមទិន្នន័យរបស់ប៉ូលីសជាតិកូរ៉េ។ ជនរងគ្រោះភាគច្រើនជាស្ត្រី ហើយរាប់បញ្ចូលទាំងសិស្សសាលា ក៏ដូចជាទាហានស្រីនៅក្នុងជួរយោធាកូរ៉េខាងត្បូងផងដែរ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា