ស្មាតហ្វូនបរទេសលក់ដាច់ជាង ២លានគ្រឿងនៅចិន កើនឡើង ២.៧ភាគរយ ក្នុងខែកក្កដា
ប៉េកាំង ៖ ការលក់ស្មាតហ្វូនម៉ាកបរទេស រួមទាំង iPhone របស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារប្រទេសចិន មានចំនួន ២.៣៨លានគ្រឿង កើនឡើង ២.៧ភាគរយ ក្នុងខែកក្កដាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានត្រឹម ២.៣១លានគ្រឿង។
ផ្អែកតាមទិន្នន័យពីបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT) បានបង្ហាញថា ការលក់ទូរស័ព្ទសរុបនៅទូទាំងប្រទេសចិន មានចំនួន ២៤.២លានគ្រឿង គិតត្រឹមក្នុងខែកក្កដា ឆ្នាំ២០២៤ កើនឡើងចំនួន ៣០.៥ភាគរយ បើធៀបនឹងឆ្នាំមុន។
ការនាំចេញស្មាតហ្វូននៅទូទាំងពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងចំនួន ៥.៨ភាគរយក្នុងឆ្នាំ ២០២៤ ដល់ចំនួន ១.២៣ពាន់លានគ្រឿង នេះបើយោងតាមទិន្នន័យរបស់សាជីវកម្មទិន្នន័យអន្តរជាតិ (IDC)។
ការព្យាករពីការនាំចេញស្មាតហ្វូននៅទូទាំងពិភពលោកនេះ កើតឡើងស្របពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ រួមមាន Apple, Google និង Samsung បន្តស្វែងរក និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងចាប់យកចំណែកទីផ្សារធំ៕
ប្រភព៖ Yahoo News ប្រែសម្រួលដោយ៖ ឈឹម ទីណា