បារម្ភពីសុខភាពអតិថិជន Walmart ប្រមូលទឹកផ្លែប៉ោមជាង ១ម៉ឺនកេសមកវិញ
វ៉ាស៊ីនតោន : ក្រុមហ៊ុនលក់រាយធំបំផុតរបស់អាមេរិក Walmart បានប្រកាសប្រមូលទឹកផ្លែប៉ោមជិត ១០,០០០កេសមកវិញ បន្ទាប់ពីចែកចាយលក់នៅតាមហាងនានាទូទាំងសហរដ្ឋអាមេរិក ក្រោយរកឃើញថា មានការកើនឡើងសារធាតុអាសេនិចអសរីរាង្គ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ។
ការប្រមូលទឹកផ្លែប៉ោមមកវិញនេះ អនុវត្តចំពោះទឹកផ្លែប៉ោមម៉ាក Great Value ចំនួន ៩.៥៣៥កេស ដែលបានចែកចាយលក់ក្នុងរដ្ឋ២៥ របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នមិនមានប្រភពណាមួយទម្លាយឱ្យដឹងពីចំនួនមនុស្សរងផលប៉ះពាល់ ពីការបរិភោគទឹកផ្លែប៉ោមនេះនៅឡើយទេ។
អ្នកនាំពាក្យក្រុមហ៊ុន Walmart អ្នកស្រី Molly Blakeman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុខភាព និងសុវត្ថិភាពរបស់អតិថិជនរបស់យើង គឺជាអាទិភាពកំពូល។ ដូច្នេះយើងបានដកផលិតផលនេះចេញពីហាងដែលរងផលប៉ះពាល់របស់យើង ហើយកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីស៊ើបអង្កេតករណីនេះ។
យោងតាមវិទ្យាស្ថានជាតិសុខភាពអាមេរិក បានឱ្យដឹងថា កម្រិតទាបនៃសារធាតុអាសេនិចសរីរាង្គ និងអសរីរាង្គ ត្រូវបានរកឃើញនៅក្នុងផលិតផលអាហារជាច្រើនប្រភេទ។
ប៉ុន្តែបើសិនសារធាតុអាសេនិចកើនឡើងតែបន្តិច នោះនឹងបណ្តាលឱ្យអ្នកបរិភោគមានរោគសញ្ញា ដូចជាក្អួត ឈឺពោះ រាគ ស្ពឹកសារពាង្គកាយ និងរមួលសាច់ដុំជាដើម។ ដោយឡែក ទីភ្នាក់ងារការពារបរិស្ថានអាមេរិក បានដាក់ស្លាកសារធាតុអាសេនិចអសរីរាង្គថា ជាសារធាតុបង្កជំងឺមហារីក៕
ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា