ក្រសួងបរិស្ថានគ្រោងបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តកំពង់ស្ពឺជាបន្តទៀត
(ភ្នំពេញ)៖ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញចុះសិក្សាការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតធំនេះ ជាបន្តទៀតនៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ តី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា បន្ថែមលើថ្នាលដែលមន្ទីរបរិស្ថានរាជធានី និងខេត្តនានាទូទាំងប្រទេស តាមរយៈការជំរុញការចូលរួមចំណែកដាំដើមឈើឱ្យបានច្រើន ពីប្រជាពលរដ្ឋកម្ពុជា ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០»។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីថ្នាលបណ្តុះកូនឈើខ្នាតតំបន់ទាំងអស់ នឹងត្រូវសាងសង់ចំនួន៥កន្លែង ក្នុងខេត្តចំនួន៥ រួមមានខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដំបូងបំផុតនៅកម្ពុជា នឹងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានសមត្ថភាពផលិតកូនឈើបាន១លាន ២សែនដើមក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រព ស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។ នៅក្នុងខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថានបានពិនិត្យនិងគ្រោងរៀបចំសាងសង់ថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម ចំនួន១កន្លែង ដែលអាចមានទំហំ១០ហិចតា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា តាមរយៈយុទ្ធនាការ«ពន្លកបៃតង» របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៣ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» បានប្រារព្ធធ្វើ ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបានធ្វើការផ្សព្វផ្សាយ និងចែកកូនឈើសរុបចំនួន១លាន៣សែន ដើម ក្នុងនោះមានកូនត្នោត ចំនួនជាង៣សែនដើម ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផុសគំនិតឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ខ្សែក្រេវ៉ាត់ព្រំដែន ដើម្បីបង្កើនគម្របបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារមាតុភូមិកម្ពុជា ៕
ដោយ ៖ ជីម ភារ៉ា