ជប៉ុនជម្លៀសមនុស្ស៤លាននាក់ព្រោះព្យុះទីហ្វុងShanshan
បរទេស៖ មនុស្សជិត៤លាននាក់ នៅភាគខាងត្បូង ប្រទេសជប៉ុន ត្រូវបានជំរុញឱ្យជម្លៀសចេញពីផ្ទះសម្បែង ខណៈដែលព្យុះទីហ្វុង Shanshan បន្តពីភាគខាងត្បូង ទៅកាន់ភាគនិរតី មុនពេលឆ្លងចូលទៅក្នុងតំបន់កណ្តាល រហូតដល់ចុងសប្តាហ៍នេះ និងអាចទៅសប្តាហ៍ក្រោយ ទៀត។
ព្យុះ Shanshan បានបោកបក់ តាំងពីថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យអ្នកស្រុករាប់ម៉ឺននាក់ នៅលើកោះ Kyushu គ្មានថាមពលអគ្គិសនីប្រើប្រាស់។ ការគំរាមកំហែងកម្រិតទូទាំងប្រទេស ហើយនឹងបន្តមានភ្លៀងធ្លាក់ខ្លាំង បន្ថែមទៀត ក្នុងនោះ នៅតំបន់កោះ Shikoku និង Honshu អាចនឹងមានភ្លៀងធ្លាក់ កម្រិតកម្ពស់ រហូតដល់ជិតកន្លះម៉ែត្រ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានគ្រាអាសន្ន ដ៏កម្រមួយ សម្រាប់ព្យុះសង្ឃរានេះ។ ជើងហោះហើររាប់រយ ត្រូវបានលុបចោល, សេវារថភ្លើងត្រូវបានផ្អាក ហើយក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនផលិតរថយន្ត Toyota ជាដើម បានបិទទ្វាររោងចក្រ។
ការិយាល័យរដ្ឋាភិបាលបានរាយការណ៍ពីការបាត់ខ្លួន និងរបួសមនុស្សរាប់សិបនាក់ នៅលើកោះ Kyushu គិតត្រឹមថ្ងៃព្រហស្បតិ៍។ កាលពីដើមសប្តាហ៍ នៅទីនោះ មានមនុស្ស ៣នាក់បានស្លាប់ អំឡុងការបាក់ដី ដែលបង្កឡើង ដោយខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង៕
ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត