ណាមីប៊ីសម្លាប់សត្វព្រៃរាប់រយក្បាល ចែកសាច់ដល់ប្រជាជនស្រែកឃ្លាន

បរទេស ៖ ណាមីប៊ីមានផែនការសម្លាប់សត្វព្រៃជាង ៧០០ក្បាល រួមទាំងសត្វដំរី សេះបង្កង់ និងសត្វដំរីទឹក ហើយចែកសាច់ដល់ប្រជាជនដែលកំពុងជួបបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ បង្កឡើងពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលមួយសតវត្ស។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងកាត់បន្ថយការខ្វះខាតស្បៀងអាហារសម្រាប់ប្រជាជនប្រមាណ ១,៤លាននាក់ ដែលប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរបំផុត។
ការកាប់សម្លាប់សត្វព្រៃទាំងនេះ ក៏នឹងជួយរក្សាទឹក និងកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ ជាពិសេសជាមួយសត្វដំរី ដោយសារការស្វែងរកអាហារ និងទឹកនាំឱ្យពួកវាខិតទៅជិតទីលំនៅរបស់មនុស្ស។

ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍ណាមីប៊ី បានបញ្ជាក់ថា ដំរីចំនួន ៨៣ក្បាល ដំរីទឹក ៣០ក្បាល ក្របី ៦០ក្បាល សត្វក្ដាន់ ៥០ក្បាល គោព្រៃ ១០០ក្បាល និងសេះបង្កង់ ៣០០ក្បាល ដែលយកមកពីឧទ្យានជាតិ និងតំបន់សហគមន៍នានាហើយនឹងត្រូវបានសម្លាប់ដោយអ្នកប្រមាញ់អាជីព។
គិតមកទល់ពេលនេះ សត្វព្រៃជាង ១៥០ក្បាលហើយត្រូវបានគេសម្លាប់ ដោយផ្តល់សាច់ជាង ៥៦,០០០គីឡូក្រាម សម្រាប់ប្រជាជនដែលខ្វះខាត។

គ្រោះរាំងស្ងួតដែលកាន់តែធ្ងន់ធ្ងរឡើងដោយ El Niño និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យតំបន់នេះមានប្រភពទឹកស្ងួតហួតហែង និងដំណាំមិនបានផល។
អាហ្រ្វិកខាងត្បូងគឺជាបន្ទាយដ៏រឹងមាំសម្រាប់សត្វដំរី ដែលមានចំនួនជាង ២០០,០០០ក្បាល។ សត្វទាំងនេះក៏រងផលប៉ះពាល់ពីគ្រោះរាំងស្ងួតផងដែរ ដោយសត្វដំរីរាប់រយក្បាលបានស្លាប់នៅទូទាំងប្រទេសណាមីប៊ីកាលពីឆ្នាំមុន ដោយសារប្រភពទឹករីងស្ងួត៕ ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner