មន្រ្តីជាន់ខ្ពស់សង្ឃ និមន្តជួបព្រះមន្ត្រីសង្ឃទូទាំងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអគ្គាធិការរងនៃ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤បាននិមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តស្ទឹងត្រែង។ខណៈនេះជំនួបនេះសម្ដេចបានក្រើនរំលឹកអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃនៅក្នុងខេត្ត។
ក្នុងពិធីនេះដែរ ឯកឧត្តម អន ធាងអាន រដ្ឋលេខាធិការតំណាង លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា
បានទូលប្រគេននូវក្តីគោរពពីឯកឧត្តមរដ្ឋមន្រ្តីដល់មន្រ្តីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្ត។ឯកឧត្តមបានទូលដល់មន្រ្តីសង្ឃ និងព្រះចៅអធិការវត្តសូមចូលរួមគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃ។ ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្តឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗដែលនាំប៉ះប៉ះពាល់តម្លៃព្រះពុទ្ធសាសនា ។ព្រះសង្ឃ គ្រប់អង្គដែល ប្រើប្រាស់ បណ្តាញសង្គមនានាឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ ព្រះពុទ្ធ សាសនាជៀសវាងការចែករំលែក នូវសកម្មភាពដែលនាំឱ្យប៉ះពាល់ ដល់សន្តិសុខសង្គម និងនយោបាយ ។
ចំណែកសម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន បានរំលឹកថា អ្នកបួស ត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប។សូមព្រះចៅអធិការគ្រប់វត្តទាំងអស់ ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ភិក្ខុ សាមណេរ ៕
ដោយ៖ដេង ម៉ាវិន