សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍ ៤ចំណុច ដល់ គណ:កម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ ក្នុងកិច្ចប្រជុំពេញអង្គ របស់ គណ:កម្មាធិការគណបក្សខេត្តស្វាយរៀងប្រចាំខែសីហា និងទិសដៅអនុវត្តបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយររៀង នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានកោតសសើរដល់ក្រុមការងារគ្រប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួល ខុសត្រូវ និងសាមគ្គីភាពខ្ពស់ ។ ពិសេស ការចូលរួមផ្សព្វផ្សាយខ្លឹមសារផលប្រយោជន៍ របស់ព្រែកជីហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ CLV DTA រួមជាមួយ នឹងការចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាប់ព្រំដែន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើសុំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើសកម្មភាពជាប់ជាប្រចាំ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈវិធានការណ៍ បង្ការ បង្ក្រាប និងទប់ស្កាត់ ពិសេស ការធ្វើវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាចលនាស្នូលក្នុងការរក្សាសុខសន្តិភាព ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៤ចំណុច ដល់អង្គពិធីទាំងមូល ដូចតទៅ ៖ ១.ដុះខាត់សម្រួចសតិអារម្មណ៍ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនលក្ខន្តិក:កម្មវីធីនយោបាយ គោលការណ៍គោលនយោបាយនិងសេចក្តីសម្រេចនានារបស់គណបក្ស។
២.ផ្សព្វផ្សាយឲ្យសមាជិកសមាជិកាគណបក្សបានជ្រួតជ្រាបច្បាស់អំពីកិច្ចសហប្រតិបត្តិការ តំបន់អភិវឌ្ឍត្រីកោណCLV(កម្ពុជា ឡាវ វៀតណាម) និងការសាងសង់ព្រែកជីក ហ្វូណនតេជោ។
៣.ស្វែងយល់និងក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ទាំងក្នុងគណបក្ស ទាំងក្នុងប្រជាជន ជនព្រមទាំងធ្វើបច្ចុប្បន្នភាពសភាពការណ៍នៅក្នុងប្រទេសនិងក្រៅប្រទេស ពិសេសក្នុងក្របខណ្ឌខេត្តស្វាយរៀង របស់យើងដើម្បីធានាការអនុវត្ត រាល់ភារកិច្ច នយោបាយរបស់ គណបក្ស។
៤.តាមដានក្តាប់ជាប់ពត៌មានក្លែងក្លាយ ពត៌មានញុះញង់មូលបង្កាច់បង្កភាពវឹកវរដល់សង្គម ហើយធ្វើប្រតិកម្មរហ័សឲ្យទាន់ពេល ឬវាយបកឲ្យទាន់ពេលវេលានិងមុតស្រួចរាល់ សកម្មភាពអុជអាលបំពុលសង្គមរបស់ពួកប្រឆាំងជ្រុលនិយមតាមវីធានការវាយសម្រុក និងបុរេសកម្ម ៕
ដោយ ៖ ថេត វិចិត្រ