ប្រទេសកម្ពុជា និង វៀតណាម មានទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីដែលបាននាំមកនូវផលប្រយោជន៍ ដល់ប្រទេសទំាងសងខាង
(ភ្នំពេញ)៖ វៀតណាម និងកម្ពុជា ជាប្រទសភូមផងរបងជាមួយគ្នា មានចំណងសាមគ្គីភាព ផ្សារជាប់គ្នាយូរណាស់មកហើយ ។ សព្វថ្ងៃនេះបើទោះជាពិភពលោក និងតំបន់មួយចំនួនមានការប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន និងសម្រេចបានសមិទ្ធិផលបានយ៉ាងច្រើនលើគ្រប់វិស័យ ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ង្វៀន ហុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ផងដែរ ។
នៅក្នុងសារលិខិតអបអរសាទរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានផ្ញើជូន ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងវៀតណាម ដែលបាននាំមកនូវផលប្រយោជន៍ ដល់ប្រទេសទំាងសងខាង ។ ថ្ងៃទី២ កញ្ញា ១៩៤៥ -ថ្ងៃទី២ កញ្ញា ២០២៤ ជាខួបលើកទី៧៩ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស បានលើកឡើងថា ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងវៀតណាម ជិតស្និទ្ធជាមួយគ្នា ក៏ដូចជារួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ តាមរយៈការរួមគ្នាដោះស្រាយបញ្ហាដែលជាក្តីកង្វល់រួម ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅក្នុងឆ្នាំនេះ ។
កម្ពុជាវាយតម្លៃខ្ពស់ និងបន្តលើកកម្ពស់ភាពជាដៃគូ ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ បានកសាង ហើយបន្តធ្វើការងារជាអាទិភាព ដើម្បីជំរុញ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” របស់យើងបន្ថែមទៀត ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ