ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យទីតាំងត្រៀម បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលកណ្តាល នៃមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ជូនដល់បុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ ណែនាំដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សារបស់មន្ទីរពេទ្យ ដើម្បីយកទៅអនុវត្តក្នុងការប្រតិបត្តិការងារ ធ្វើយ៉ាងណាសំដៅប្រសិទ្ធភាពខ្ពស់ និងជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានឆ្លៀតពេលចុះសួរសុខទុក្ខ បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងមនោសញ្ចេតនាគោរពដឹងគុណជូនដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើសេវាសុខាភិបាល នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជានៅគ្រប់បណ្តាមូលដ្ឋានសុខាភិបាលទូទាំប្រទេស ដែលបងប្អូនញាត្តិមិត្តបានអញ្ជើញទៅដល់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ដេីម្បីសួរសុខទុក្ខនិងសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព ចូលរួមជំរុញការអភិវឌ្ឍន៍សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ៕
ដោយ ៖ ហេង សម្បត្តិ