ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនចំនួន ៧២៩នាក់
(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ការប្រឡងប្រជែងនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ មានបេក្ខជនចូលរួមចំនួន ៧២៩នាក់ (ស្រី ១៨៨នាក់) នឹងចាប់ផ្តើមនៅម៉ោង ១២:០០នាទីថ្ងៃត្រង់ លើវិញ្ញាសាចំនួន៣ ដែលបានរៀបចំរួចរាល់កាលពីព្រឹកមិញ រួមមាន៖ ១.វិញ្ញាសាជំនាញ ២.វិញ្ញាសាភាសាអង់គ្លេស និង ៣.វិញ្ញាសាវប្បធម៌ទូទៅ។
សូមបញ្ជាក់ថា៖ វិញ្ញាសាជំនាញ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញកាត់នាពេលនេះ មានរយៈពេល ២ម៉ោង ចាប់ពីម៉ោង ១២៖០០នាទី ដល់ ១៤៖០០នាទី។ បេក្ខជនបានជ្រើសរើសប្រឡងប្រជែងតាមផ្នែកជំនាញនីមួយៗ រួមមាន៖ ច្បាប់ចំនួន ២៥៣នាក់, ស្ថាបត្យករ ចំនួន ៨៨នាក់, វិស្វករសំណង់ស៊ីវិល ចំនួន ១៤៦នាក់, រដ្ឋបាលសាធារណៈ ចំនួន ១៤២នាក់ និង ព័ត៌មានវិទ្យា ចំនួន ១០០នាក់ ។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែង បានស្នើដល់ក្រសួងសាមី ដើម្បីផ្តល់បញ្ជីសមាសភាពអ្នកតាក់តែងវិញ្ញាសា ២ដងនៃចំនួនត្រូវការ។ ក្រោយមកឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើស សមាសភាពអ្នកតាក់តែងវិញ្ញាសា ដោយសម្ងាត់ និងជូនដំណឹងមួយថ្ងៃមុនថ្ងៃតាក់តែងវិញ្ញាសា ឬថ្ងៃប្រឡង។ ការរៀបចំតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងពេលព្រឹក សម្រាប់ការប្រឡងនាពេលរសៀល (ក្នុងថ្ងៃតែមួយ)៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា