លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំយកសម្ភារនៃរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ផ្ដល់ជូនអង្គការ PSE
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមការសម្របសម្រួលពី លោកជំទាវ ជា ស៊ីណា ប្រធានក្រុមប្រឹក្សាសមាគមកាយប្ញទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៤ បាននាំយកសម្ភារសិក្សា ព្រមទាំងរបស់របរប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន តាមរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មកផ្ដល់ជូនដល់អង្គការស្នាមញញឹមនៃកុមារ (PSE) ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ២០ថ្ងៃ នៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» គឺបានបញ្ចប់ដោយភាពជោគជ័យ ជាមួយនឹងការទទួលបាននូវសម្ភារយ៉ាងច្រើនពីសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាមួយនឹងសមាគមកាយប្ញទ្ធិនារីកម្ពុជា។ លោកជំទាវបន្តថា សម្ភារដែលទទួលបាន មានច្រើនប្រភេទដូចជា សម្លៀកបំពាក់ សម្ភារសិក្សា របស់របរក្មេងលេងជាច្រើន ហើយរាល់សម្ភារដែលទទួលបានពីសប្បុរសជនទាំងអស់ សមាគមនឹងយកទៅបរិច្ចាគបន្តដល់អ្នកខ្វះខាតនៅតាមតំបន់មួយចំនួន ទាំងនៅតាមបណ្ដាអង្គការ និងសហគមន៍ក្រីក្រនានា។
លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងងំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមបរិច្ចាគ នូវសម្ភារៈយ៉ាងច្រើនដល់យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីរួមចំណែកជាមួយសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្នុងបេសកកម្ម បំផុសស្មារតីខ្មែរជួយខ្មែរ និងកែច្នៃរបស់របរចាស់ប្រើប្រាស់ឡើងវិញ ព្រមទាំងជួយដល់បរិស្ថានក្នុងការកាត់បន្ថយសំរាម និងកាកសំណល់ផ្សេងៗ។
ចាប់តាំងពីមានតួនាទីជាអគ្គស្នងស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នេះគឺជាលើកទី២ ហើយ ដែលលោកជំទាវបណ្ឌិត បានចុះដល់អង្គការស្នាមញញឹមនៃកុមារផ្ទាល់ ខណៈលើកទី១ លោកជំទាវបណ្ឌិត បានចុះមកដើម្បីផ្សព្វផ្សាយពីបេសកកម្មរបស់សមាគមដែលមានគោលដៅចម្បងក្នុងការពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ស្រ្តី និងក្មេងស្រី ហើយលើកទី២ នេះគឺ លោកជំទាវបណ្ឌិតចុះមកដើម្បីចែករំលែកក្ដីស្រលាញ់ និងសម្ភារៈដែលទទួលបានពីយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ។
លោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការស្នាមញញឹមនៃកុមារ (PSE) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការចែករំលែកនូវ សម្លៀកបំពាក់ សម្ភារៈ និងរបរប្រើប្រាស់ មកកាន់អង្គការ ដែលជំនួយទាំងអស់នេះ បានរំលេចឡើងនូវសកម្មភាពសប្បុរសធម៌ក្រោមពាក្យស្លោកខ្មែរជួយខ្មែរ។
លោកស្រីបានបន្ថែមថា ជំនួយនេះនឹងក្លាយជាស្ពាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ឆ្ពោះទៅរកស្មារតីចែករំលែក ការជួយយកអាសារគ្នា និងសាមគ្គីភាព។ នាយិកាវ័យ ៨២ ឆ្នាំ រូបនេះ បានជម្រាបជូនថា បច្ចុប្បន្ន អង្គការស្នាមញញឹមនៃកុមារ (PSE) មានកុមារ និងយុវជនចំនួន ៦៥០០ នាក់ និង ៣២០០ គ្រួសារ កំពុងស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រ របស់អង្គការតាមរយៈកម្មវិធីផ្សេងៗគ្នា ៕
ដោយ ៖ វណ្ណលុក