កន្លែងទុកដាក់ឯកសារក្នុងសំណុំក្តីខ្មែរក្រហមត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីឱ្យក្រដាសឯកសារមាននិរន្តភាពី ៧០ទៅ ៨០ឆ្នាំ
( ភ្នំពេញ)៖ ដើម្បីរក្សាទុកនូវឯកសារដើមនៃការកាត់រឿងក្តីរបស់មេដឹកនាំខ្មែរក្រហមនោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រទេសកម្ពុជា (អ.វ.ត.ក)បានបង្កើតនិហិតដ្ឋានបណ្ណសារឬទីកន្លែងទុកដាក់ឯកសារមួយដែលអាចតម្កល់នូវឯកសារដើម ហើយអាចរក្សាទុកឱ្យមានសភាពជាប់បានយូររហូតដល់ ៧០ទៅ ៨០ឆ្នាំ ។
បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា ឯកឧត្តម ថោង សុជាតិ មន្រ្តីគ្រប់គ្រងជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រទេសកម្ពុជា (អ.វ.ត.ក)បានឱ្យដឹងថា ៖ កន្លែងតំកល់ទុក ឯកសាររឿងក្តីខ្មែរក្រហមឬនិហិតដ្ឋានបណ្ណសារត្រូវបានបង្កើតឡើងមកជាលក្ខណៈយ៉ាងពិសេសដែលមិនត្រឹមតែអាចរក្សាឯកសារដ៏សំខាន់ៗទាំងនេះសម្រាប់អ្នកស្រាវជ្រាវជាប់បានយូរអង្វែងទេ ប៉ុន្តែទីកន្លែងនេះក៏ប្រកបដោយសុវត្តិភាព តាមលក្ខណៈស្តង់ដាអន្តរជាតិថែមទៀត ។
ឯកឧត្តមបញ្ជាក់ប្រាប់ថា”ដើម្បីបង្កើតនិហិតដ្ឋានបណ្ណសារនេះយើងមានដៃគូមួយគឺអង្គការសហប្រជាជាតិដែលក្នុងនេះយើងបានគោរពទៅតាមស្តង់ដាអន្តរជាតិ និង គោរពទៅតាមលក្ខខណ្ឌបច្ចេកទេសសាងសង់ក្នុងនេះដូចជាបន្ទប់តំកល់ឯកសារ មួយម៉ែត្រការ៉េ អាចផ្ទុកឯកសារក្នុងទម្ងន់ ១៧០០គីឡូក្រាម យើងត្រូវគោរពតាមហ្នឹង”។
ឯកឧត្តម ថោង សុជាតិ បានលើកឡើងដែរថាក្នុងទីកន្លែងតំកល់ឯកសារមួយនេះបានភ្ជាប់ជាមួយប្រព័ន្ធពន្លត់អគ្គិភ័យទំនើប ឧបករណ៍វាស់ស្ទង់សីតុណ្ហភាព។
មានឧបករណ៍សម្រាប់បឺតសំណើមចេញជាដើម ។ ក្រៅអំពីនេះក៏មានប្រព័ន្ធការពារអាស៊ីហ្រ្វីដែលមានន័យថាការពារសារជាតិប្រៃចូលវាយលុក ។
តាមលក្ខណៈបច្ចេកទេសនេះវាអាចការពារបាន៣យ៉ាង ដ៏មានសារៈសំខាន់ក្នុងនេះដូចជាមិនធ្វើឱ្យក្រដាសដែលជាសំដៅដើមនេះមិនផុយស្រួយគឺអាចរក្សាបានក្រដាសយ៉ាងម៉េចគឺនៅអញ្ចឹងដដែល ។ ទី២គឺទឹកប៉ិចដែលព្រីននៅលើក្រដាសមិនបែកទេមានន័យថាព៌ណ ត្រាមានព៌ណយ៉ាងណាគឺរក្សាបែបនោះដដែល។ទី៣គឺអាចរក្សាបាននូវក្រដាសនេះមាននិរន្តភាពី ៧០ទៅ ៨០ឆ្នាំថែមទៀត ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ការបង្កើតកន្លែងផ្ទុកឯកសារនេះប្រយោជន៍ដ៏សំខាន់គឺអាចរក្សាទុកនូវឯកសារទាំងអស់នេះដល់ក្មេងជំនាក់ក្រោយបានដឹង បានរៀនសូត្រជាក់ស្តែង។
ក្មេងជំនាន់ក្រោយខ្លះគាត់ពុំបានជឿ ហេតុនេះបើករណីមិនជឿយើងឱ្យគាត់មកមើលជាក់ស្តែង ពីព្រោះនៅទីនេះបានរក្សាឯកសារច្បាប់ដើម។ក្រៅពីនេះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការបានបង្កើតបណ្តាល័យឯកសាររឿងក្តីរបស់មេដឹកនាំខ្មែរក្រហមសម្រាប់សិស្សធ្វើការសិក្សាស្រាវជ្រាវ ហើយក្នុងមួយថ្ងៃអាចមានសិស្សចូលមកសិក្សាស្រាវជ្រាវគិតជាមធ្យមប្រមាណ៨៩ទៅ១០០នាក់ផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ