មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកឡើងពីធាតុផ្សំ៥ ដើម្បីកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ
(ភ្នំពេញ)៖ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីធាតុផ្សំ៥ ដើម្បីកសាងមូលធនមនុស្សសម្រាប់សង្គមជាតិ។ លោកជំទាវបានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីអបអរសាទរការបើកបវេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ របស់សាលាអន្តរជាតិ អាស៊ាន សាខាស្អាង២ កាលពីព្រឹកទី៣១ ខែសីហា ឆ្នាំ២០២៤។
លោកជំទាវ សឿ សុជាតា បានលើកឡើងថា ដើម្បីក្លាយខ្លួនជាពលរដ្ឋសកល យើងត្រូវមានធាតុផ្សំ៥យ៉ាងរួមបញ្ចូលគ្នា រួមមាន៖ ១. វិជ្ជាសម្បទាន មានចំណេះវិជ្ជា, ២. បំណិនសម្បទាន មានជំនាញច្បាស់លាស់, ៣. ចរិយាសម្បទាន មានសីលធម៌ សុជីវធម៌ គោរពវិន័យក្នុងការរស់នៅ, ៤. កាយសម្បទាន ថែរក្សាសុខភាព កាយ និងចិត្តឱ្យបានល្អ, ៥. គុណសម្បទាន ស្គាល់តម្លៃនៃគុណ ឬទោស យោគយល់ និងចែករំលែកជាមួយមនុស្សជុំវិញ។
បើតាមលោកជំទាវ ធាតុផ្សំខាងលើទាំង៥ គឺត្រូវមានការចូលរួមទាំងសាលារៀន និង មាតាបិតាដើម្បីរួមគ្នាកសាងមូលធនមនុស្សសម្រាប់សង្គមជាតិនាថ្ងៃអនាគត។
គួរបញ្ជាក់ថា កម្មវិធីនេះ មានការចូលរួមពីសំណាក់ មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បើតាមតំណាងសាលាអន្តរជាតិអាស៊ាន បានឲ្យដឹងថា សាលាឯកជនមួយនេះ មានបុត្រសម្ព័ន្ធចំនួន២ និង សាខាសរុបចំនួន១៤ នៅតាមរាជធានី ខេត្ត។ បច្ចុប្បន្ន មានសិស្សសរុប ជិត៥៨០០នាក់។ សាលាកំពុងផ្តោតលើការអប់រំបែបឌីជីថល ដើម្បីធានាការអប់រំ ប្រកបដោយគុណភាពខ្ពស់៕
អត្ថបទ និងរូបភាព ៖ ង៉ាន់ ទិត្យ និង រិន រចនា