ឯកឧត្តមបណ្ឌិត កៅ ថាច សំណេះសំណាលជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារយុវជន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤។កម្មវិធីនេះមានការចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់ តំណាងរដ្ឋបាលស្រុកខ្សាច់កណ្តាល តំណាងការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក ខ្សាច់កណ្តាល និងតំណាងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន-ROTA ខ្សាច់កណ្តាលមានវាសនាល្អណាស់ ដោយសារទី១ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាពិសេស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយក ចិត្តទុកដាក់ណាស់ដូចជាកសាងវិទ្យាល័យ ឲ្យបានធំទូលាយនិងមានផាសុខភាព។
លើសពីនេះឯកឧត្តមបណ្ឌិតបានថ្លែងអំអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនដល់ថ្នាក់បំប៉នទី១២ កន្លងមក ចំពោះប្អូនៗសិស្សានុសិស្ស ដើម្បីឲ្យប្រលងជាប់និទ្ទេសល្អ បានច្រើនជាពិសេស និទ្ទេស A និងសូមក្មួយៗ បន្តខិតខំរៀនបន្ថែមទៀត ដើម្បីឆាប់ចេះចងចាំបានល្អ ត្រូវពង្រឹងគ្រប់ចំណេះវិជ្ជាឡើងវិញ។
គួរបញ្ជាក់ថា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-ROTA ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រា ស់ជាផ្លូវការកាលពីឆ្នាំ២០១១ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម Essa Al Mannai នាយកអង្គការ ROTA និងឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអង្គការមូលនិធិ មុនីឋាបនា៕
ដោយ ៖ ង៉ាន់ ទិត្យ