ក្រសួងបរិស្ថានប្រាប់ឱ្យរោងចក្រសហគ្រាសបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវនិងទឹកកខ្វក់

(ភ្នំពេញ)៖ក្នុងន័យដើម្បីមិនឱ្យមានការបំពុលទឹកដែលជាប្រភពទឺកស្អាតបស់ពលរដ្ឋ​ប្រើប្រាស់ ក្រសួងបរិស្ថានបានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញ​ចុះបំពាក់​ឧបករណ៍​ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់​រោងចក្រ សហគ្រាសនានា ។

គួរបញ្ជាក់ថាក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤បានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀប​ចំ​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial)ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ការចុះត្រួតពិនិត្យនេះត្រូវបានក្រសួងបរិស្ថានចាត់ទុកថា គឺជាវិធានការម៉ឺងម៉ាត់មួយក្នុង​ការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យ លើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ ដែល​មានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់មួយ ភ្ជាប់ជា​មួយ​បឹងទន្លេសាប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តដល់ម្ចាស់​រោងចក្រ និងសហគ្រាស សហការចូលរួមសហការ ក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថានកម្ពុជាលើកកម្ពស់ភាពស្អាត មានអនាម័យ សោភ័ណភាព និងសុខ​ភាពសាធារណៈ គ្មានការបំពុលដោយសំរាមប្លាស្ទិក និងទឹកកខ្វក់។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ជាកត្តា​ដ៏សំខាន់ធានាជួយធានាការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ កម្មការិនី និងនិយោជិតទាំងអស់ ដែលរស់នៅក្បែរប្រភពទឹក និងបំពេញការងារនៅតាម​រោងចក្រសហគ្រាសទាំងនោះ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យុទ្ធនាការរបស់ក្រសួងបរិស្ថាន​មានបំណង​​ជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាព​បរិស្ថានល្អ សំដៅភាពឈ្នះ ឈ្នះ ឈ្នះទាំងទាំងអស់គ្នា ដែលឈាន​ឆ្ពោះទៅចីរភាព នៃភាពជោគជ័យនៃការវិនិយោគជោគជ័យ នៃការគ្រប់ក្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។

គួរបញ្ជាក់ថាឧបករណ៍ស្វ័យត្រួតពិនិត្យ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាន នូវក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា នូវពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេ គឺ៖ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ហើយទិន្នន័យទាំងនោះទោះ ក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងបរិស្ថានភ្លាមៗ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner