ប្រធានាធិបតីអ៊ីរ៉ង់ថ្មីផ្តល់បទសម្ភាសន៍តាមទូរទស្សន៍ជាលើកដំបូង
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Pezeshkian កាលពីថ្ងៃសៅរ៍ បានផ្តល់បទសម្ភាសន៍តាមទូរទស្សន៍ ជាលើកដំបូង ចាប់តាំងពីការបង្កើតគណៈរដ្ឋមន្ត្រីមក។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែង កាលពីចុងខែមុន បន្ទាប់ពីឈ្នះការបោះឆ្នោត។ គណៈរដ្ឋមន្ត្រីថ្មីរបស់លោកដែលត្រូវបានសភាអនុម័ត រួមមានទាំងរដ្ឋមន្ត្រីការបរទេសម្នាក់ ដែលបើកចំហសម្រាប់ការសន្ទនា ជាមួយលោកខាងលិច ព្រមទាំង មានសមាជិកជាស្ត្រីម្នាក់ទៀតផង។
ជុំវិញបញ្ហាក្រៅប្រទេស លោក Pezeshkian និយាយថា «យើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ។ អឺរ៉ុប អាមេរិក និងប្រទេសដែលធ្វើតាមអាមេរិក បានដាក់ទណ្ឌកម្មយើង ពួកគេមិនធ្វើជំនួញជាមួយយើង ហើយពួកគេបានបង្កើតបញ្ហាសម្រាប់យើង»។ លោកបាននិយាយថា ការវិនិយោគពីបរទេសគឺជារឿងចាំបាច់ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៨ភាគរយ ដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ចមានទំនាក់ទំនង ជាមួយបញ្ហាបរទេស។
លោក Pezeshkian ក៏បានរំលឹកឡើងវិញនូវការអំពាវនាវលើក្រុមនយោបាយផ្សេងៗគ្នា ក្នុងប្រទេសអ៊ីរ៉ង់ ឱ្យរួបរួមគ្នាវិញ ដើម្បីបម្រើប្រជាជន តាមរបៀបដ៏ល្អបំផុត។ លោកបានមានប្រសាសន៍ដែរថា រដ្ឋបាលរបស់លោកកំពុងធ្វើការលើកកម្ពស់សមភាព ក្នុងវិស័យអប់រំ និងសុខាភិបាល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត