គណៈសង្ឃនាយក និងមន្រ្តីក្រសួងធម្មការ និមន្តនិងអញ្ជើញ សំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ នៅក្នុងខេត្តព្រះវិហារ
ព្រះវិហារ៖ សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្ដេចព្រះ សង្ឃនាយករងទី៣ តំណាងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី និង លោក លន់ មុនីរតនា រដ្ឋលេខាធិការតំណាងឯកឧត្តបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤បាននិមន្តនិងអញ្ជើញសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ នៅក្នុងខេត្តព្រះវិហារនាសាលាគណ នៃវត្តប្រាសាទគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ។
ពិធីនោះលោក សុខ សាន្តតារា អភិបាលរងខេត្តតំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រះមន្រ្តីសង្ឃខេត្ត និងគណៈកម្មការអាចារ្យ វត្ត គ្រប់វត្តក្នុងខេត្តព្រះវិហារបាននិមន្ត និងអញ្ជើញចូលរួមប្រមាណ ៤០០អង្គនិងនាក់។
ក្នុងឱកាសនេះសម្ដេចព្រះឧត្ដមវង្សាកិត្តិបណ្ឌិត មួង រ៉ា មានសង្ឃដីកា កោតសរសើរ ចំពោះសាលាគណខេត្ត ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានរៀបចំកម្មវិធី នេះ ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃ ក្នុង វត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការ ពង្រីកតួនាទីភារកិច្ច របស់មន្រ្តីសង្ឃ នៅក្នុងខេត្ត។
សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា បានផ្តល់ឱវាទដល់ ព្រះមន្ត្រីសង្ឃទាំងអស់ក្នុងខេត្តព្រះវិហារ គឺ សូមគណៈសង្ឃខេត្តគ្រប់ឋានានុក្រម ពង្រឹងរចនាសម្ព័ន្ធដឹកនាំ (អភិបាលកិច្ចល្អ) ពង្រឹងការគោរពប្រណិប័តន៍ធម៌វិន័យ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ ច្បាស់លាស់គ្រប់ជ្រុងជ្រោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។គណៈសង្ឃ ខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា បន្តសាមគ្គីភាពក្នុងជួរគណៈ សង្ឃខេត្ត រួបរួមគ្នាបំពេញភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើឱ្យវិស័យ ព្រះពុទ្ធសាសនាក្នុងខេត្តឱ្យមានភាពរីកចម្រើនបន្តទៀត។ព្រះឧបជ្ឈាយ៍ អ្នកបំបួសត្រូវមើលលក្ខណៈសម្បត្តិ ចំពោះកុលបុត្រ ដែលមានលក្ខណៈសមរម្យ សមគួរដល់ការបំបួសជាសាមណេរ
សម្ដេចបានមានសង្ឃដីកាទៀតថា គ្រប់វត្តអារាមដែលពុំទាន់ មានប្លង់កម្មសិទ្ធិ គណៈកម្មការ និងព្រះចៅអធិការ ត្រូវធ្វើពាក្យស្មើសុំទៅអាជ្ញាធរដែនដី ដើម្បីចេញបណ្ណកម្មសិទ្ធិសម្រាប់វត្ត។ ដោយឡែក ចំពោះវត្តពុំទាន់មានរចនាសម្ព័ន្ធព្រះមន្ត្រីសង្ឃគ្រប់គ្រាន់ ត្រូវរៀបចំលិខិតស្នើសុំតែងតាំងតាមរយៈអាជ្ញាធរមានសមត្ថកិច្ច ប្រគេនទៅសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ឡុង សំបូរ