អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់អំពីចំនួនអ្នកចុះឈ្មោះទៅលេងកម្សាន្តតាមខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ “ចំនួនអ្នកចុះឈ្មោះទៅលេងកម្សាន្តតាមខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គិតត្រឹមម៉ោង ៤៖៤០រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ មានចំនួនជាង៧០០នាក់ ហើយ ដោយក្នុងនោះប្រជាពលរដ្ឋ ព្រះសង្ឃ ជាពិសេសយុវជនដែលបានចុះឈ្មោះ។ មានប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ និងពីតាមបណ្តាខេត្តជាច្រើនដូចជា ខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះស៊ីហនុ ត្បូងឃ្មុំ និងខេត្តមួយចំនួនទៀត”។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចបែបនេះ គឺជាការរៀបចំដំណើរទស្សនកិច្ចដំបូងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយជាឱកាសមួយដ៏ពិសិដ្ឋដែលផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនទាំងអស់ដែលមានបំណងចង់ចូលរួមអាចទទួលបាននៅឱកាសដ៏ពិសិដ្ឋនេះ និងចំណេះដឹងបន្ថែម ក៏ដូចជាឱកាសក្នុងការទទួលយកនៅភាពពិត ទិដ្ឋភាពជាក់ស្តែងស្តីពីស្ថានភាពក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីជាតិកម្ពុជាដោយផ្ទាល់។ ដូច្នេះការរៀបចំចាំបាច់ណាស់ត្រូវពិនិត្យមើលសន្ទុះនៃការចូលរួម ក៏ដូចជាតម្រូវការជាក់ស្តែងពាក់ព័ន្ធទៅនឹងការរៀបចំដំណើរទស្សនកិច្ចក្នុងទម្រង់បែបនេះ។
អ្នកនាំពាក្យរួបនេះបានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន អអ្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនបានខិតខំយ៉ាងខ្លាំងនៅក្នុងការរៀបចំធ្វើយ៉ាងណាឱ្យដំណើរទស្សនកិច្ចនេះ អាចក្លាយទៅជាដំណើរទស្សនកិច្ចដែលផ្តល់នៅឱកាសទៅតាមគោលបំណងដែលរាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្តមកឱ្យ។ ក្នុងការរៀបចំនេះ គឺផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនដែលនឹងមកចូលរួមក្នុងដំណើរទស្សកិច្ចនេះ។
សូមរម្លឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។
អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានក្នុងនាមជាអ្នកសម្របសម្រួល បានចេញសេចក្តីជូនដំណឹងដល់សាធារណជនថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន៕
ដោយ៖ពលជ័យ