ព្យុះត្រូពិកបង្កការបាក់ដីនៅហ្វីលីពីន ផ្តាច់ជីវិតមនុស្សអស់ ១១នាក់
ម៉ានីល៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្ស ចំនួន ១១នាក់ បន្ទាប់ពីព្យុះត្រូពិចដ៏កាចសាហាវមួយ ធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងមកលើប្រទេសហ្វីលីពីនរយៈពេលពីរថ្ងៃ។
Read. ព្យុះត្រូពិច Yagi បង្កជាភ្លៀងធ្លាក់ខ្លាំងវាយប្រហារប្រទេសហ្វីលីពីនក្នុងរយៈពេលពីរថ្ងៃ នាំឱ្យមានទឹកជំនន់ និងការរអិលបាក់ដីសម្លាប់មនុស្សចំនួន ១១នាក់។
ព្យុះត្រូពិចនេះ បានបោកបក់ឆ្លងកាត់តំបន់ Bicol ភាគអាគ្នេយ៍នៃទីក្រុងម៉ានីលពេញមួយយប់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានរំពឹងថា នឹងបោកបក់មកលើឆ្នេរភាគឦសាននៃកោះលូហ្សូន។
ជាវិធានការប្រុងប្រយ័ត្ននោះ សាលារៀន និងការិយាល័យរដ្ឋាភិបាលនៅទូទាំងរដ្ឋធានីម៉ានីលបានបិទមួយថ្ងៃ។ រីឯសេវាសាឡាងនៅក្នុងតំបន់រងផលប៉ះពាល់បានផ្អាក និងជើងហោះហើរក្នុងស្រុកចំនួន២៩ ក៏បានលុបចោល ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផលផងដែរ។
មនុស្សជាង ៣០០នាក់នៅតែបន្តជ្រកកោនក្នុងជំរុំភៀសខ្លួនកាលពីថ្ងៃចន្ទ ប៉ុន្តែមន្ត្រីក្នុងតំបន់បាននិយាយថា ទឹកជំនន់នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅចំនួន ២១០,០០០នាក់បានថយចុះយឺត។
សេវាឧតុនិយមជប៉ុនបានរាយការណ៍ថា ព្យុះត្រូពិច Yagi បានបន្តឆ្ពោះទៅភាគខាងជើងនៃឆ្នេរសមុទ្រ លូហ្សូន កាលពីរសៀលថ្ងៃចន្ទ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង កើនឡើងពី ៧៦គីឡូម៉ែត្រក្នុងមួយម៉ោង
។ នៅពេលទៅដល់ វានឹងបង្កឱ្យមានការរអិលបាក់ដីនៅខេត្ត Isabela ភាគខាងជើង ដោយមានទីក្រុងចំនួន៤ និងមនុស្សប្រហែល ៣៣,០០០។
គិតមកទល់ពេលនេះ ព្យុះ និងព្យុះទីហ្វុងធំៗប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ដែនទឹកព័ទ្ធជុំវិញជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់សិបនាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា