សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេច គង់ សំអុល

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។

សូមជម្រាបថា នៅក្នុងសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា បានចាត់ទុកមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមី លោកជំទាវឧកញ៉ាធម្មាមង្គល មុនី ដែលជា ឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះ ក្រុមគ្រួសារ ដែលកន្លងមក សម្តេច តែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ខិតខំចិញ្ចឹមបីបាច់ថែរក្សា និង អប់រំទូន្មានប្រៀនប្រដៅ បុត្រីធីតា និងចៅៗ រហូតបានក្លាយជាបញ្ញវន្ត និងជាធនធាន មនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។

សម្ដេចតេជោ បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ មរណភាព សម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេស ដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើន លើកិច្ចការជាតិ និងអន្តរជាតិ ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា ។

ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន នេះ សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តីសង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល និងសូមឧទ្ទិសបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner