ក្រុម ជម្រើស ជាតិ បាល់ទះ កម្ពុជា ឈ្នះ ទាំង ប្រាក់ ១០០លានរៀល និង ទទួល កៅអី ឡើង ទៅ ជុំ បន្ត ពានរង្វាន់ Sea V.League នៅ ឆ្នាំ ក្រោយ

អត្ថបទដោយ៖
ជាវ ចន្ធូ

ក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ក្នុង ព្រឹត្តិការណ៍បាល់ទះ ពានរង្វាន់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ (SAMDECH MOHA BORVOR THIPADEI -2024) និង ទទួលបានឱកាសឡើងទៅ ប្រកួតបន្ត ក្នុងពានរង្វាន់ SEA V.League ឆ្នាំ២០២៥ ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ 2024 SEA V.League Challenge។

ការប្រកួតដែលធ្វើឡើងវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ចាប់ប្រកួតពីថ្ងៃ ទី​៣០ ខែសីហា ដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មានក្រុមចូលរួមចំនួន ៤ រួមមាន ម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ ខណៈ ការប្រកួតរបស់ក្រុមជម្រើសជាតិ កម្ពុជា ទទួលបានជ័យជម្នះ គ្រប់ការប្រកួត ពោល គឺ៖
*ក្នុង ពានរង្វាន់ 2024 SEA V.League Challenge
៣០ សីហា ២០២៤ កម្ពុជា ឈ្នះ ម៉ាឡេស៊ី ៣សិត ទល់ ១សិត, ៣១ សីហា ២០២៤ កម្ពុជា ឈ្នះ ឡាវ ៣សិត ទល់០, ១ កញ្ញា ២០២៤ កម្ពុជា ឈ្នះ សិង្ហបុរី ៣សិត ទល់ ១សិត
*ក្នុង ពានរង្វាន់ សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ ២០២៤ នៅថ្ងៃទី២ កញ្ញា ឆ្នាំ២០២៤
វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ កម្ពុជា ឈ្នះ ឡាវ ៣សិត ទល់០ វគ្គ ផ្ដាច់ព្រ័ត្រ កម្ពុជា ឈ្នះ ម៉ាឡេស៊ី ៣សិត ទល់០

សរុបចំណាត់ថ្នាក់ និង ប្រាក់រង្វាន់ ក្នុងពានរង្វាន់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024 មាន៖
លេខ១ ក្រុម កម្ពុជា ទទួល ទឹក ប្រាក់ លើក ទឹក ចិត្ត ចំនួន ១០០ លាន រៀល លេខ២ ក្រុម ម៉ាឡេស៊ី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ៣០ លាន រៀល លេខ៣ ក្រុម សិង្ហបុរី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ២០ លាន រៀល លេខ៤ ក្រុម ឡាវ ទទួល ទឹកប្រាក់លើកទឹកចិត្ត ចំនួន ១០ លាន រៀល ។

ក្រោយចប់ការប្រកួត កីឡាករ សួន ចាន់ណារ៉ូ ប្រធាន ក្រុមបាល់ទះ ជម្រើស ជាតិ កម្ពុជា បានលើកឡើង ពីចំណុចខ្សោយ របស់ក្រុមដែលត្រូវកែតម្រូវ ក្រោយឆ្លងកាត់ការ ប្រកួតកន្លងមកនេះ ខណៈ រូបគេ បង្ហាញ ពីការ រីករាយ ដែលបាននាំក្រុមកម្ពុជា ឈាន ជើងទៅកាន់ការប្រកួត កម្រិតខ្ពស់មួយទៀត ដែលមាន ឥណ្ឌូណេស៊ី ថៃ និង ហ្វីលីពីន កំពុង រង់ចាំ។

ចំណែក លោក Li Jun គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកថា នេះជាការដ៏ល្អ​មួយ សម្រាប់កូនក្រុមខ្លួន ព្រោះ លោក មាន ពេល ដាក់ កីឡាករ វ័យ ក្មេង ថ្មីៗ និង កីឡាករ រាមច្បង ចូលប្រកួតជាមួយគ្នា។ លោក នឹង ព្យាយាម កែបញ្ហាមួយចំនួន នៅក្នុង​ក្រុម ដូចជា ការបង្កកំហុស ដោយអចេតនា នៅពេលប្រកួត នាំឱ្យផ្ដល់ផលចំណេញ ដល់គូប្រកួត។ លោក គ្រូ បង្វឹកជនជាតិចិនរូបនេះ បន្តថា លោក នៅសល់ពេល១ ឆ្នាំ​ទៀត ដើម្បីបង្វឹកកូនក្រុមបន្ថែម មុនឈានទៅបន្តប្រកួតជាមួយក្រុម ឥណ្ឌូណេស៊ី ថៃ និង ហ្វីលីពីន ខាងមុខ រួមទាំងចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ នៅ ប្រទេស ថៃ។

ជាមួយ គ្នា នេះ ដែរ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អនុ ប្រធាន និង ជា អគ្គលេខាធិការ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា បាន ចាត់ទុក ជា មោទនភាព មួយ សម្រាប់ ក្រុម កម្ពុជា ដែល ទទួល បាន ជ័យជម្នះ ក្នុង នាម ជា ម្ចាស់ ផ្ទះ បន្ទាប់ ពី ព្រឹត្តិការណ៍ ស៊ីហ្គេម និង ការ ចេញ ទៅ ប្រកួត នៅ តៃវ៉ាន់ របស់ ក្រុម បាល់ទះ វិសាខា។ លោក សំណូមពរ ឱ្យ អ្នក គាំទ្រ បន្ត លើក ទឹក ចិត្ត ដល់ កីឡាករ សម្រាប់ ប្រកួត បន្តបន្ទាប់ នៅ ពេល ខាង មុខ ទៀត។

សម្រាប់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធាន សហព័ន្ធ កីឡា បាល់ទះ កម្ពុជា បាន សរសេរ នៅ លើ ទំព័រហ្វេសប៊ុក ក្រោយ ចប់ ការប្រកួតថា៖«ខ្ញុំ សូម ថ្លែង អំណរគុណ ដល់ ប្អូនៗ កីឡាករ ទាំង អស់ ក្រុម ការងារ គ្រូ បង្វឹក ដែល រួម គ្នា សាង ស្នាដៃ ជូន ជាតិ មាតុភូមិ នៅ ពេល នេះ និង សូម ជូនពរ ឱ្យ បន្ត ទទួល បាន ជោគជ័យ លើក ឆាក អន្តរជាតិ នានា នៅ ពេល ខាង មុខ»។ ឯកឧត្តម បាន ថ្លែង អំណរគុណ ដល់ ភាគី ពាក់ព័ន្ធ រួម ទាំង អ្នក គាំទ្រ ដែល ទទួល ធ្វើ ម្ចាស់ ផ្ទះ ការ ប្រកួត បាល់ទះ ប្រចាំ តំបន់ អាស៊ាន នេះ ដោយ ជោគជ័យ ព្រម ទាំង សន្យា ថា នឹង រៀបចំ ការ ប្រកួត ទាំង ថ្នាក់ ជាតិ និង អន្តរជាតិ ជា ច្រើន ទៀត នៅ ក្នុង ឆ្នាំ ២០២៤នេះ។

សូម បញ្ជាក់ ថា នៅ ឆ្នាំ ២០២៤ នេះ សហព័ន្ធ កីឡា បាល់ទះ អាស៊ាន បាន រៀបចំ ការ ប្រកួត បាល់ទះ ក្នុង តំបន់ ជា ២ កម្រិត ដោយ ទី១ ពានរង្វាន់ SEA V.LeagueChallenge មាន ក្រុម កម្ពុជា ឡាវ ម៉ាឡេស៊ី និង សិង្ហបុរី និង ទី២ ពានរង្វាន់ SEA V.League មាន ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និង វៀតណាម។ ដោយ ឡែក កម្ពុជា នឹង ឡើង ទៅ ជំនួស កៅអី វៀតណាម នៅ SEA V.League នៅ ឆ្នាំ ២០២៥ ខាង មុខ ក្រោយ ក្រុម វៀតណាម នៅ បាត តារាង ក្នុង ការ ប្រកួត ឆ្នាំ ២០២៤ និង ត្រូវ ធ្លាក់ មក លេង ពាន SEA V.League Challenge នៅ ឆ្នាំ ២០២៥៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner