នាយឧត្តមសេនីយ៍ ទៀ សីហា ៖សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព ឆ្លើយ តបទៅនឹងវិធានការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

(បាត់ដំបង)៖ ក្នុងពិធីបិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយ ស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៥ ក្រោមប្រធានបទ“រួមគ្នាពង្រឹងឃឿនការពារជាតិ“នៅមជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ក្នុងស្ថានភាព នៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បន្ថែមថា ប្រធានបទ “រួមគ្នាពង្រឹងខឿនការពារជាតិ” ដែលអង្គសិក្ខាសាលាបានដាក់ចេញ នឹងលើកកម្ពស់ភាពជាដៃគូ ក៏ដូចជាពង្រីកកិច្ចសន្ទនា ជាពិសេសការពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់-ទំនងរវាងគ្នានិងគ្នា កាន់តែជិតស្និទ្ធលើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគំរូបទពិសោធន៍និងជាគុណប្រយោជន៍យុទ្ធសាស្រ្តយូរអង្វែង តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូប មានឆន្ទៈស្រឡាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិខ្ពស់ ផ្សារភ្ជាប់ខ្លួនរវាងកងទ័ពនិងប្រជាជនបានល្អ មានន័យថា ប្រជាជនគឺជាប្រភពមិនចេះរីងស្ងួត នៃការផ្គត់ផ្គង់កម្លាំង និងភស្តុភារ ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ស្ថាប័នអង្គភាពស៊ីវិលរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុនសហគ្រាស អង្គការសមាគមវិស័យឯកជន និងសប្បុរសជននានា មេត្តាបន្តចូលរួមគាំទ្រ “ស្មារតីនៃវប្បធម៌ចែក រំលែក” ក៏ដូចជាគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។ បន្តពង្រឹងនិងលើកកម្ពស់ប្រពៃណីល្អ នៅក្នុងសម្ព័ន្ធមេត្រីភាព ព្រមទាំងបំផុសអប់រំលើកទឹកចិត្តចលនាមហាជនប្រជាជនយុវជនឱ្យចូលរួមជាកម្លាំងចលករនៅក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងារ សម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាព ស៊ីវិល បានបញ្ជាក់នៅក្នុងរបាយការណ៍ថា អង្គសិក្ខាសាលាបានធ្វើការដកពិសោធន៍ ពិនិត្យវាយ តម្លៃឱ្យបានគ្រប់ជ្រុងជ្រោយនូវអ្វីដែលយើងបានអនុវត្តនាពេលកន្លងមកនិង អ្វីដែលបានអនុវត្តមិនទាន់បាន ដោយបានលើកឡើងចំណុចខ្លាំងចំណុចខ្សោយដើម្បីធ្វើជាបទពិសោធន៍សម្រាប់តម្រង់ទិសឱ្យចំគោលដៅភារកិច្ចដែលចង់បានពោលគឺជំរុញដល់វឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាពនាពេលខាងមុខឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner