មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ៖ យុវជន បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រពន្ធ និង​កម្មករ​និយោជិនអាចចូលរៀនជំនាញបច្ចេកទេសដោយមិនបង់ថ្លៃ ដើម្បីទទួលបាន​ជំនាញពិតប្រាកដ

(កំពង់ធំ)៖ ឯកឧត្តម ហួត ស៊ីនាដ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានលើកឡើងថា យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិតក៏អាច​ចូល​រៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិន​បង់ថ្លៃ​ផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរ​ផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់​ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាព​ប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាពនិងផ្នែកផ្សេងៗប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង។

ប្រសាសន៍លើកឡើង ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចុះផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គម​ផ្នែក​ថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ធំ ។

ឯកឧត្តម លើកឡើងបន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំង​ប្រទេស​ចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជន​ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួល​បានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង​វិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ​សុខភាព​តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួល​បានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងប្រាក់វិភាជន៍បូជាសព នៅពេលពួកគាត់ទទួលមរណភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner