មន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្ម ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រឃុំចំនួនពីរ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
(ភ្នំពេញ)៖អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយក្នុងនោះបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់។
តាមប្រភពពីក្រសួងកសិកម្មបានឱ្យដឹងថា៖កម្លាំងចម្រុះកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដែលក្នុងនេះរួមមានទាំង អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារចំបក់ ប្ញស្សីកែវ បានប្រើប្រាស់ទូកចំនួន ៥គ្រឿង និងកម្លាំងសរុប ១៩នាក់។
ប្រភពខាងលើដដែលនេះបានបញ្ជាក់ឱ្យដឹងដែរថាសម្រាប់វត្ថុតាងដែលរឹបអូសបាន រួមមាន របាំងព្រួលសាច់រ៉ាវចំនួន ១៩ខ្សែ ប្រវែង ៩៥០ម៉ែត្រ ក្រឡាទំហំ៣-៥សម លបរ៉ាវចំនួន ១៩គ្រឿង ក្រឡាទំហំ៣-សម របាំងព្រួលស្បៃមុងចំនួន ៣៦ខ្សែ ប្រវែង ១ ៦២០ម៉ែត្រ លូស្បៃមុងចំនួន ៣៦មាត់លូ និងបង្គោលចម្រឹងប្ញស្សីចំនួន ៧៨០ដើម។
សម្រាប់វត្ថុតាងទាំងនោះដែរ ត្រូវបានកម្លាំងចម្រុះបំផ្លាញចោល។ ចំណែក ត្រីចម្រុះទម្ងន់ប្រមាណ ១៧០ម៉ែត្រ ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ៕
ដោយ ៖ ម៉ាដេប៉ូ