អ្នកនាំពាក្យរដ្ឋាភិបាល៖ ការបោកប្រាស់ដែលមិនចេះខ្មាសអៀន

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា ទោះបីជាក្រុមអ្នកបច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថាជាផែនទីរបស់ក្រុមហ៊ុនឯកជន ដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋនិងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយដដែលដោយមិនចេះអៀនខ្មាសទាល់តែសោះ។ នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយម បានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។

ឯកឧត្តមបន្តថា យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេសជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជន ហើយមានគោលដៅពាណិជ្ជកម្ម គឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។

ឯកឧត្តមបន្តទៀតថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលប្រទេសជិតខាងពាក់ព័ន្ធព្រមព្រៀងទទួលយកទាំងអស់គ្នា។ បើគ្រាន់តែរឿងប៉ុណ្ណឹងមិនអាចយល់បានផង តើខំធ្វើនយោបាយដើម្បីអ្វី? ឬចង់បានត្រឹមកុំឱ្យគេភ្លេចឈ្មោះទោះជាត្រូវគេសើចចំអកយ៉ាងណាក៏មិនខ្ចីឈឺ? នេះជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ពីកម្ពុជា៕
ដោយ៖ពលជ័យ

ads banner