ឯកឧត្តម ហួត ហាក់ ៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស មានភាពចាំបាច់ ក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានលើកឡើងថា ការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស មានភាពចាំបាច់ និងជាកិច្ចការដែលត្រូវធ្វើជាបន្តបន្ទាប់នៅក្នុងកិច្ចដំណើរការនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសចូលរួមអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមន្ត្រីអធិការកិច្ចស័ក្តិសមជា«ភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម» ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែល អង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា បានផ្តល់ការគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងអធិការកិច្ច តាមរយៈវគ្គបណ្តុះបណ្តាល ដោយលើកទី១ ជាការកសាងសមត្ថភាពលើជំនាញស្រាវជ្រាវ។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងអធិការកិច្ច ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Opening Ceremony of Training on Survey -Based Research) ដើម្បីផ្តល់នូវចំណេះដឹង ជំនាញ, បទពិសោធ និងឧត្តមានុវត្តន៍ ជូនសិក្ខាកាមក្រសួងអធិការកិច្ចលើវិធីសាស្ត្រនៃការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ដែលមានមូលដ្ឋានវិទ្យាសាស្ត្រ។
ពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការចូលរួមពី លោកស្រី Meloney Lindberg (មេឡូនី លីនប៊ឺក) ប្រធានអង្គការមូលនិធិអាស៊ី ប្រចាំនៅកម្ពុជា (The Asia Foundation) ដោយមាន លោកគ្រូឧទ្ទេសជាជនជាតិខ្មែរ និងបរទេសមានបទពិសោធន៍យូរឆ្នាំលើការងារនេះ តាមរយៈទ្រឹស្តី លំហាត់អនុវត្ត និងការពិភាក្សាជាក្រុម ។
គួររំលឹកផងដែរថា, ផ្លែផ្កានៃវគ្គបណ្តុះបណ្តាលនេះ ជាលទ្ធផលនៃកិច្ចពិភាក្សាការងារ និងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបន្ទាប់មកឈានដល់ការចុះហត្ថលេខារវាងតំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា និងវិទ្យាស្ថានជាតិអធិការកិច្ច លើកិច្ចព្រមព្រៀងសហប្រតិបត្តិការបណ្តុះបណ្តាល ស្តីពីការស្រាវជ្រាវផ្អែកលើការស្ទង់មតិ ជូនមន្ត្រីរាជការក្រសួងអធិការកិច្ច នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះអង្គការមូលនិធិអាស៊ី ប្រចាំនៅកម្ពុជា លោកស្រី Meloney C. Lindberg (មេឡូនី លីនប៊ឺក), សហការី និងលោកគ្រូឧទ្ទេស ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងអធិការកិច្ច ក្នុងការអភិវឌ្ឍមូលធនមនុស្ស ហើយសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហការ រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា នឹងមានជាបន្តបន្ទាប់ទៀតនា ពេលឆាប់ៗខាងមុខនេះ សំដៅសម្រេចបាននូវគោលបំណងរួម គឺការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់ភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា ស្របតាមទិសស្លោក «អធិការកិច្ច ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» ៕
ដោយ ៖ ហេង សម្បត្តិ