រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការ និង ពង្រឹងសុវត្ថិភាពព័ត៌មាន
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា និងលោកស្រី Philomena Gnanapragasam នាយកលេខាធិការដ្ឋាននៃវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) បានជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី។
ប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៤នេះថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងចំណោមប្រទេសជាសមាជិក ជាពិសេសការពង្រឹងសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី និងតំណាងAIBD ក៏បានឯកភាពរួមគ្នាគិតគូរនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់ប្រទេសជាសមាជិក និងគម្រោងសកម្មភាពលម្អិត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសំខាន់ៗនាពេលខាងមុខ ជាពិសេសសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ (20th Asia Media Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងទទួលរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នៅទឹកដីខេត្តសៀមរាប ហើយនេះជាលើកទី២ បន្ទាប់ពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី១៦ នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីបណ្តាប្រទេសចំនួន ៤៣ ៕
ដោយ ៖ ម៉ាដេប៉ូ