Putin ទៅដល់ម៉ុងហ្គោលី ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម
បរទេស៖ នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតីរុស្ស៊ី Putin បានជួបប្រធានាធិបតី ម៉ុងហ្គោលី ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេស ដែលជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ពោលគឺចាប់តាំងពីតុលាការ បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ីរូបនេះ កាលពីឆ្នាំមុន។
លោក Putin ត្រូវបានស្វាគមន៍ ដោយឆ្មាំកិត្តិយស ខណៈដែលលោកបានទៅដល់រដ្ឋធានី របស់មុងហ្គោលី កាលពីយប់មិញ។ ក្រោយមក លោកបានជួបជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh ។ ក្រុមតន្រ្តីបានបន្លឺសំឡេងក្បាច់គុន និងភ្លេងជាតិរុស្ស៊ី និងម៉ុងហ្គោលី ខណៈដែលមេដឹកនាំទាំងពីរឈរនៅទីលានក្បែរទាហានម៉ុងហ្គោលីក្នុងសម្លៀកបំពាក់ប្រពៃណី ជាមួយនឹងអ្នកចូលរួមខ្លះ ជិះសេះ។
មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានតុលាការ ICC មានមូលដ្ឋាន នៅទីក្រុងឡាអេ ចេញដីកាចាប់ខ្លួន ពីបទនិរទេសកុមារអ៊ុយក្រែន ដោយខុសច្បាប់ ចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
អ៊ុយក្រែនបានប្រតិកម្មចំពោះទស្សនកិច្ចនេះ ជាមួយនឹងកំហឹង ហើយចោទប្រកាន់ម៉ុងហ្គោលីថា «ចែករំលែកការទទួលខុសត្រូវ» សម្រាប់ “ឧក្រិដ្ឋកម្មសង្គ្រាម” របស់លោក Putin ក្រោយពេលដឹងថា មិនមានការចាប់ឃុំខ្លួន លោក Putin នៅព្រលានយន្តហោះ។ ក្រុង Kyiv បានជំរុញម៉ុងហ្គោលី ឲ្យអនុវត្តដីកាចាប់ខ្លួន ខណៈដែល តុលាការ ICC បាននិយាយ កាលពីសប្តាហ៍មុនថា សមាជិកទាំងអស់របស់ខ្លួន មានកាតព្វកិច្ច ក្នុងការឃុំខ្លួនអ្នក ដែលត្រូវតុលាការស្វែងរកចាប់ខ្លួន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត