អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា ការសាយភាយព័ត៌មានក្លែងក្លាយ គឺបានកើតឡើងតាំងពីយូរមកហើយ ហើយវាជានិន្នាការសកល។ ព័ត៌មានក្លែងក្លាយបានមានសន្ទុះខ្លាំងក្លាឡើង ខណៈពេលដែលពិភពលោកមានមធ្យោបាយទំនើបសម្រាប់ប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ផ្តល់និងទទួលព័ត៌មាន។ ពោលគឺការសាយភាយព័ត៌មានក្លែងក្លាយបានកើនឡើងច្រើន ក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាមានការរីកចម្រើន ជាពិសេសតាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម និងបច្ចេកវិទ្យា Ai ដែលកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោកចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ជាប់លាប់ និងខ្លាំងក្លា ក្នុងការកំណត់ដាក់ចេញនូវយន្តការ និងរិះរកមធ្យោបាយនានា សម្រាប់គាំទ្រដល់ការដាក់ចេញនូវវិធានការសមស្របដើម្បីឆ្លើយតប ទាំងសកម្ម និងបុរេសកម្ម លើគ្រប់រូបភាព និងទម្រង់ ទាំងបច្ចេកទេស និងសតិអារម្មណ៍ ដោយរាប់បញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រព័ត៌មាន យុទ្ធនាការអប់រំ ការលើកកម្ពស់ផ្នែកអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកជំរុញប្រសិទ្ធភាព។

ឯកឧត្តមបានបន្តថា ក្រសួងព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់សុវត្ថិភាព និងធានាសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពជាតិ។ ទន្ទឹមនេះដែរ ការប្រឆាំងព័ត៌មានក្លែងក្លាយក៏ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកទទួល ចែកចាយ និងប្រើប្រាស់ព័ត៌មានជាប្រចាំ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការទប់ស្កាត់ និងកាត់បន្ថយព័ត៌មានក្លែងក្លាយចេញពីលំហព័ត៌មានក្នុងសង្គមរស់នៅរបស់យើង។

ក្រសួងព័ត៌មាននឹងរៀបចំយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No to Fake News !» នៅចុងឆ្នាំ២០២៤ ក្នុងគោលបំណងកាត់បន្ថយជាអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ គោលដៅនៃយុទ្ធនាការនេះផ្តោតលើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ នៅពេលប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ម្នាក់ៗយល់ដឹងអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសមុនការចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនៗនឹងចែកចាយព័ត៌មាន។ ពេលនោះយើងម្នាក់ៗនឹងអាចរួមចំណែកដល់ការកាត់បន្ថយព័ត៌មានក្លែងក្លាយ ព័ត៌មានបែបបំពុល ចេញពីក្នុងលំហព័ត៌មានរបស់យើងបានជាមិនខាន ហើយទទួលបានមកវិញនូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងសង្គម ព្រមទាំងបញ្ជៀសការខាតបង់ពេលវេលា ប្រាក់កាស និងព្យសនកម្មនានាដែលអាចមានជាយថាហេតុ ដើម្បីការពារសង្គមគ្រួសារ និងសង្គមជាតិយើង។ ដូច្នេះ យើងចាំបាច់ត្រូវចូលរួមគ្នាទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយទាំងនោះ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តទៀតថា សម្រាប់ការរស់នៅក្នុងសង្គមឌីជីថល យើងម្នាក់ៗចាំបាច់ត្រូវពង្រឹងខ្លួនឯងជាអ្នកប្រើប្រាស់ព័ត៌មានឆ្លាតវៃដែលមានទំនួលខុសត្រូវ ដោយប្រជាពលរដ្ឋម្នាក់គឺជាអ្នកប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន៖ ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានលឿនពេក ឬចែកចាយដោយមិនទាន់បានអាន និងផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន, ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ តែត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងប្រភពផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវ មុននឹងចែកចាយបន្ត, ទី៣.លើកកម្ពស់សារៈសំខាន់ និងចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពព័ត៌មានអាទិភាពសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ និងទី៤.ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើងសម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់៕
ដោយ៖ពលជ័យ

ads banner