កេសរកូល ជារុក្ខជាតិដ៏មានតម្លៃ និងមានដុះច្រើននៅតាមតំបន់ព្រៃភ្នំក្នុងប្រទេសកម្ពុជា

(ភ្នំពេញ) កេសរកូលឬហៅថាអ័រគីដេ ជាអំបូរដ៏ធំមួយ នៅក្នុងរជ្ជរុក្ខជាតិ ។ វាជាប្រភេទផ្កាព្រៃដែលត្រូវបានគេយកមកបង្កាត់ និងកែច្នៃតាំងលម្អតាមគេហដ្ឋានដ៏ពេញនិយម។ នៅលើភពផែនដី យើងនេះ គេបានធ្វើការកត់ត្រាកេសរកូលនៅក្នុង ធម្មជាតិបាន ចំនួនជាង ២៥,០០០ ប្រភេទ ដែលក្នុងនោះជាង ១០000 ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិច ។

ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗ រាប់រយប្រភេទ ត្រូវបានគេរកឃើញ និង ដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។ កេសរកូល គឺជារុក្ខជាតិដែលមានទងកេសរញីមានទំហំធំជាង កេសរឈ្មោល និងផុសចេញពីកញ្ចកេសរផ្កា លយចេញដូច ក្បាលដែកគោល។ ខ្មែរសម័យទំនើបនិយមហៅរុក្ខជាតិនេះថា អ័រគីដេរ (Orchid) គឺហៅទៅតាមភាសាបារាំងតាំងពីសម័យ អាណានិគមនិយមបារាំងមកម៉្លេះ។

សព្វថ្ងៃប្រជាជនខ្មែរ មួយចំនួនបានគិតថាកេសរកូល សំដៅដល់ប្រភេទផ្កានាំចូលមកពី បរទេស និងមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ ។ ផ្ទុយមកវិញកេសរកូល គឺជារុក្ខជាតិ មានដុះយ៉ាងសម្បូរបែបនៅក្នុងព្រៃកម្ពុជា ។ ក្រៅពីនេះយើងក៏មានភស្តុតាងចម្លាក់កេសរកូល នៅលើដញ្ជាំងប្រាសាទបាយ័ន អង្គរវត្ត និងបន្ទាយស្រី ធ្វើឱ្យគេអាចសន្និដ្ឋានបានថា កេសរកូល ត្រូវបានបុព្វបុរសខ្មែរ យើងដឹងនឹងស្គាល់ ព្រមទាំងប្រើប្រាស់ កេសរកូលជាវត្ថុលម្អ តាំងពីសម័យអង្គរ ឬមុនអង្គរមកម៉្លេះ។

ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ឱ្យដឹងនាកន្លងមកថា កេសរកូលឬហៅថាផ្កាអ័រគីដេនៅកម្ពុជាតាមការស្រាវជ្រាវមានប្រមាណ ៥០០ប្រភេទ និងក្នុងខណៈនៅលើពិភពលោកមានប្រមាណ ១២០០០ប្រភេទ ។

ឯកឧត្តមបានបញ្ជាក់ ជុំវិញបញ្ហានេះថាដោយសារតែមើលឃើញពីកេសរកូលមានតម្លៃរាប់រយលានដុល្លារនេះហើយទើបកម្ពុជាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនខេត្តសៀមរាប។ការបង្កើតមជ្ឈមណ្ឌលនេះដើម្បីសិក្សាស្រាវជ្រាវ បង្កាត់ពូជកេសរកូល និងក៏ដូចជារកប្រាក់ចំណូល ។ កន្លងមកធនធានដែលយើងវិនិយោគទៅលើផ្នែកសិក្សាស្រាវជ្រាវ កេសរកូលនៅមានកម្រិតទាបនៅឡើយពោលគឺយើងទើបតែចាប់ផ្តើម។សម្រាប់ក្រុមហ៊ុនឯកជនដែលបង្កាត់កូសរកូលនៅប្រទេសកម្ពុជាមានតិចតួចដែរពោលគឹមានប្រមាណ១ទៅ២ក្រុមហ៊ុនប៉ុណ្ណោះ។
ឯកឧត្តមបាននិយាយប្រាប់បន្ថែមថា”ការជំរុញលើវិនិយោគលើកេសរកូលដើម្បីដើរឱ្យទាន់គេនោះគឺសំខាន់ទៅលើការវិនិយោគទុន ការងារស្រាវជ្រាវ ចំណាប់អារម្មណ៍ និងការរកប្រាក់ចំណេញ ក៏ដូចជាការប្រកួតប្រជែងជាមួយប្រទេសជិតខាង”។ ហើយការនាំកេសរកូលចូលមកពីប្រទេសថៃនិងវៀតណាមមកកម្ពុជានាកន្លងមកក៏មានតម្លៃច្រើនផងដែរ។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងការសិក្សាកន្លងមក គេបានរកឃើញ កេសរកូលព្រៃកម្ពុជា ប្រមា ណ ៤០ភាគរយ ត្រូវបាន រកឃើញ នៅតំបន់ជួរភ្នំក្រវ៉ាញ (រូទាំងតំបន់ភ្នំបូកគោ) ៣៥ភាគរយស្ថិតនៅតំបន់ឆ្នេរ ១៣ភាគរយ នៅតំបន់ ព្រៃរបោះស្ងួតនិង ១០ភាគរយ ទៀតត្រូវបានគេរកឃើញនៅតំបន់ប្រសព្វគ្នា នៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជាមាននៅតំបន់ ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ ការសិក្សាបែបវិទ្យាសាស្ត្រអំពីកេសរកូលព្រៃកម្ពុជាកន្លង មានកម្រិតតិចតួចនៅឡើយ ខណៈដែលកេសរកូលព្រៃតាម ធម្មជាតិបាន និងកំពុងតែទទួលរងនូវការគំរាមកំហែងតាម រយៈការកាប់ឆ្ការព្រៃដើម្បីធ្វើកសិកម្ម និងសកម្មភាពប្រមូលកេសរកូល ព្រៃក្នុងគោលបំណងធ្វើពាណិជ្ជកម្មខុសច្បាប់។

បច្ចុប្បន្ន កម្ពុជាមានទីតាំងមួយដែលសិក្សាផ្ដោតទៅលើកេសរកូលយ៉ាងសំខាន់នោះ គឺ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន»។ មជ្ឈមណ្ឌលនេះ ស្ថិតក្នុងស្រុកបន្ទាយស្រី នៅជើងភ្នំគូលែនដែលជាច្រកឡើងទៅកាន់រមណីយ ដ្ឋានភ្នំគូ លែនតែម្ដង។ មជ្ឈមណ្ឌលនេះបង្កើតឡើងនៅឆ្នាំ២០១៩ ដោយមានដីទំហំ ជាង២ពាន់ ហិកតា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner