សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យភាគីកម្ពុជា និងថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើ​បេតិកភណ្ឌ​មួយ​ចំនួន ជាមួយមីយ៉ាន់ម៉ា និងឡាវ ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នា​ទៅវិញ​ទៅមក

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃចប់អាណត្តិនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជា និងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនាដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ដូចជា៖ ពិធីបុណ្យសង្ក្រាន្តជាដើម ។ ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថា ជារបស់ប្រទេសនេះ របស់ប្រទេសនោះ ។

ឯកឧត្តម ឯកអគ្គរាជទូតថៃ បានលើកឡើងថា ក្នុងរយៈពេលជិត ២ឆ្នាំ ឯកឧត្តមបានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នា និងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ។

ឯកឧត្តម បានបញ្ជាក់ថា ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្ម ចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប។ ឯកឧត្តមក៏បានលើកឡើងពីភាពរីកចម្រើនច្រើនផងដែរលើវិស័យអប់រំ ដែលរាជរដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមកសាងអាគារបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកំពង់ឈើទាលខេត្តកំពង់ធំ និងនៅខេត្តកំពង់ស្ពឺ ជាដើម ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ពិតជារីករាយដែលទំនាក់ទំនងប្រទេសយើងទាំងពីរ បានរីកលូតលាស់ ព្រមទាំងអរគុណឯកឧត្តមឯកអគ្គរាជទូត ដែលបានសម្របសម្រួលលើដំណើរទស្សនកិច្ចរបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីថៃមកកាន់ កម្ពុជា និងតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃកន្លងទៅនេះ ដែលយើងបានលើកម្ពស់ទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រ ។

សម្ដេចតេជោ បានបន្តថា យើងជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។ សម្ដេចក៏បានអរគុណដល់ប្រទេសថៃ ដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ ប្រទេសថៃបានក្លាយទៅបង្អែកដ៏សំខាន់សម្រាប់ប្រទេសជិតខាងដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដែលមានតម្លៃសមស្រប ហើយថៃក៏មានមន្ទីរពេទ្យជាច្រើនដែលជាប់នឹងព្រំដែនប្រទេសកម្ពុជាផងដែរ ហើយសម្ដេចបានផ្ដល់អនុសាសន៍ថាគួរតែបង្កើនការតភ្ជាប់បន្ថែមទៀត។

សម្ដេចតេជោ ពិតជារីករាយដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ហើយកសិករកម្ពុជា នៅជាប់តាមបណ្ដាព្រំដែន មានឱកាសលក់កសិផលទៅឱ្យប្រទេសថៃផងដែរ។ សម្ដេច ក៏បានអរគុណដល់រដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ពលករដែលបម្រើការងារនៅប្រទេសថៃ ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ពលករទាំងនោះមិនត្រឹមតែទទួលបានប្រាក់បៀវត្សក្នុងនោះទេ ប៉ុន្តែពួកគេថែមទទួលបាននូវបច្ចេកទេស និងជំនាញ ដែលអាចយកមកបំពេញការងារពេលត្រលប់មកកម្ពុជាវិញផងដែរ។

សម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានអរគុណដល់រដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់លើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងបានថ្លែងអំណរគុណដល់ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី សិរិនថន ក្នុងការស្ថាបនាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏ដូចជាអាហារូបករណ៍ប្រចាំឆ្នាំរបស់ព្រះអង្គ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សជាច្រើននៅកម្ពុជា។ សម្តេចតេជោ បានអរគុណដល់កីឡាករប្រដាល់ថៃដែលបានមកចូលរួមប្រកួតកីឡាជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្ដេចតេជោ បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនិងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃបាន។ សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។ សម្ដេច បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀតដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត។ សម្ដេច ក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរាជទូតថៃ នូវការសួរសុខទុក្ខដល់លោកជំទាវនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner