ពួកឃឺដនៅស៊ីរីដោះលែងក្រុមអ្នកទោសជាប់ពាក់ព័ន្ធជាមួយរដ្ឋអ៊ីស្លាម

បរទេស៖ មន្ត្រីម្នាក់បានប្រាប់ AFP ថា អាជ្ញាធរឃឺដ (Kurd) នៅប្រទេសស៊ីរី កាលពីថ្ងៃចន្ទ បានដោះលែងអ្នកទោសស៊ីរី ចំនួន៥០នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាបណ្តាញក្រុមជីហាដ រដ្ឋអ៊ីស្លាម (IS) ហើយវាជាផ្នែកនៃកិច្ចព្រមព្រៀងលើកលែងទោស ជាទូទៅ។

អ្នកជាប់ឃុំរាប់ពាន់នាក់ ដែលពាក់ព័ន្ធនឹង Islam State ហៅកាត់ IS រួមទាំង ជនបរទេសរាប់ម៉ឺននាក់កំពុងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលជាស្លាបប្រដាប់អាវុធនៃតំបន់ពាក់កណ្តាលស្វយ័ត ដឹកនាំដោយជនជាតិ ឃឺដ នៅភាគឦសាន ប្រទេសស៊ីរី ហៅកាត់ SDF។

លោក Reber Kalo មន្ត្រីនៃកងកម្លាំងសន្តិសុខតំបន់ Asayish បានប្រាប់ AFP ថា
នេះគឺជាក្រុមទី២ ដែលត្រូវបានដោះលែង ក្នុងចំណោមមនុស្ស សរុបពី ១០០០ ទៅ ១៥០០នាក់ ដែលគេរំពឹងថា នឹងទទួលបានការលើកលែងទោស ជាបន្តបន្ទាប់។

គួររម្លឹកថា ក្រុមរដ្ឋអ៊ីស្លាមធ្លាប់បានដណ្ដើមការកាន់កាប់ទឹកដីស៊ីរី ជាច្រើនតំបន់ នៅក្នុងឆ្នាំ២០១៤។ ប៉ុន្តែ ត្រូវទទួលរងបរាជ័យវិញ នៅឆ្នាំ២០១៩ ដោយមានការជួយពីសហរដ្ឋអាមេរិក ដល់កងកម្លាំង SDFនៅប្រទេសស៊ីរី។ ចាប់តាំងពីពេលនោះមក រដ្ឋបាលស្វយ័តមួយនេះ បានឃុំខ្លួនមនុស្សប្រហែល ៥៦០០០នាក់ នៅក្នុងមណ្ឌលឃុំឃាំង ចំនួន២៤ និងជំរំចំនួន២ គឺ Al-Hol និង Roj នៅភាគឦសាន ប្រទេសស៊ីរី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner