រាជធានីភ្នំពេញ និងទីក្រុងសៀងហៃ ជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងអន្តរជាតិ ការសាងសង់ទីក្រុង ការការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច

(ភ្នំពេញ)៖ ជំនួបសម្តែងការគួរសមរវាងឯកឧត្ដមសេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុង សៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ចុង មីង (Ms. Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ នាព្រឹកថ្ងៃទី០៣កញ្ញា២០២៤នេះ នៅសាលារាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ដោយពិភាក្សាការងារលើ ការទំនាក់ទំនងអន្តរជាតិ ការសាងសង់ទីក្រុង ការការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ។

ឯកឧត្ដម សេង វណ្ណៈ ក្នុងឱកាសនោះបានលើកឡើងថា ៖ រាជធានីភ្នំពេញស្ថិតនៅចំណុចប្រសព្វនៃទន្លេ ៤មុខ គិតមកទល់ពេលនេះ ទីក្រុងភ្នំពេញមានអាយុកាលជាង ៥៨៩ឆ្នាំហើយ ។ រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងវិស័យការទូត មានផ្ទៃដីសរុបទំហំ ៦៩៥,២១៨ គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋប្រមាណ ៣.២លាន នាក់ ក្នុងនោះមានប្រជាជនរស់នៅអចិន្ត្រៃយ៍ ប្រមាណជា ២,២លាននាក់ និងប្រជាជនស្នាក់នៅបម្រើការងារ ប្រមាណជា ១លាននាក់ក្នុងអត្រាកំណើន ៣,២% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.២៩៥ នាក់ ក្នុង មួយគីឡូម៉ែត្រក្រឡា ។

ឯកឧត្ដមបានបញ្ជាក់ថា៖ តាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក ទីក្រុងសៀងហៃ បានផ្តល់អំណោយមករាជធានីភ្នំពេញជាច្រើន ដូចជាជាម៉ាស់ ជាថ្នាំពេទ្យ ថ្នាំសម្លាប់មេរោគ និងឧបករណ៍អុកស៊ីសែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ទីក្រុងសៀងហៃ និង រដ្ឋបាលរាជធានីភ្នំពេញ មានសកម្មភាពកិច្ចសហប្រតិបត្តិការភាគច្រើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ ដោយកន្លងមក រាជធានីភ្នំពេញបានទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ (០៥ លើក) ហើយទីក្រុងសៀង ហៃ បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញបានចំនួន ៨លើក ។

លោកជំទាវ ចុង មីង (Ms. Zong Ming) បានមានប្រសាសន៍លើកឡើងថា៖ ទីក្រុងសៀងហៃ មានទំហំផ្ទៃដី : ៦,៣៤១គ.ម២មានប្រជាជនជាង ២៤លាននាក់នៅក្នុងឆ្នាំ២០២៣ ជាតំបន់ទីប្រជុំជន ដែលមានប្រជាជនច្រើននៅប្រទេសចិន។ លើសពីនេះ សម្រាប់ផ្នែកសេដ្ឋកិច្ច គឺជាទីក្រុងតែមួយគត់នៅអាស៊ីបូព៌ាដែលមានផលិតផល ក្នុងស្រុកសរុប (GDP)ខ្ពស់ និងជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ស្រាវជ្រាវ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផលិតកម្ម ទេសចរណ៍ វប្បធម៌ និងដឹកជញ្ជូន ហើយកំពង់ផែ ទីក្រុងសៀងហៃគឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតនៅលើពិភពលោក។ ទីក្រុងសៀងហៃមានបណ្តាញរថភ្លើងក្រោមដីធំជាងគេបង្អស់ បើប្រៀបធៀបទៅទីក្រុងផ្សេងៗ លើពិភពលោក មានមហាសេដ្ឋីខ្ទង់ប៊ីលានច្រើនបំផុតទី៦ អគារខ្ពស់ៗច្រើនបំផុតទី៥ និងមាន ទិន្នផលស្រាវជ្រាវវិទ្យាសាស្ត្រធំបំផុតទី៥។ ទីក្រុងសៀងហៃមានស្ថាប័នអប់រំដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner