មិនខ្លាចអត់ភ្ញៀវ នូវែលហ្សេឡង់បង្កើនពន្ធលើទេសចរអន្តរជាតិ ដើម្បីបរិស្ថានធម្មជាតិ

បរទេស៖ កាសែតអារ៉ាប់ Aljazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រកាសពីផែនការដំឡើងពន្ធ ជិតបីដង លើសេវាកម្មផ្តល់ឲ្យភ្ញៀវទេសចរអន្តរជាតិ ដើម្បីយកមូលនិធិទ្រទ្រង់ដល់បរិស្ថានធម្មជាតិ ព្រមទាំង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ទេសចរណ៍ទាំងនោះ។ វិធានការនេះ ត្រូវបានរិះគន់ថា នឹងបាត់បង់ភ្ញៀវទេសចរ ទៅលេងកម្សាន្តប្រទេសមួយនេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Matt Doocey បាននិយាយថា ការតំឡើងពន្ធនេះ នឹងអនុញ្ញាតឱ្យប្រទេសខ្លួន រីកចម្រើនលើឧស្សាហកម្មទេសចរណ៍ទៅវិញទេ ព្រោះធានាថា ភ្ញៀវទេសចរទាំងនោះ រួមចំណែកដល់ការការពារតំបន់អភិរក្ស, គាំទ្រជីវៈចម្រុះ នៅក្នុងឧទ្យានជាតិ ទប់ស្កាត់កុំមានភ្ញៀវទេសចរ ទៅទស្សនាច្រើនពេក នាំឲ្យប៉ះពាល់ដីអភិរក្សសាធារណៈ មិនមាននិរន្តរភាព។

លោក Doocey បាននិយាយទៀតថា វិធានការតំឡើងពន្ធនេះ នឹងត្រូវចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែតុលា។ បើតាមឧស្សាហកម្មទេសចរណ៍ Aotearoa ដែលជាស្ថាប័នកំពូលលើវិស័យទេសចរណ៍របស់ប្រទេសនូវែលសេឡង់ បាននិយាយថា បង្កើនពន្ធទេសចរណ៍ នឹងធ្វើឱ្យប្រទេសនេះ មានតម្លៃសេវាកម្មថ្លៃខ្លាំង មិនគួរឱ្យជឿ។ ប្រភពបន្តថា ការតំឡើងនេះ រួមជាមួយនឹងការកើនឡើង៦០ភាគរយ នៃថ្លៃទិដ្ឋាការរបស់ភ្ញៀវផងដែរ ក្រៅតែពីកំណើនពន្ធលើសេវាកម្ម ផ្សេងៗទៀត។

យ៉ាងណាមិញ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ បានសម្តែងការខកចិត្ត ដោយពណ៌នាការតំឡើងពន្ធនេះថា ជាការប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេស ស្ថិតក្នុងទ្វីបអូសេអានីមួយនេះ ដល់ទៅទ្វេដង ខណៈដែលពិភពលោកកំពុងប្រឹងប្រែងស្តារ ពីវិបត្តិជំងឺកូវីដ១៩។ បើតាម Skynews បានចេញផ្សាយថា នូវែលសេឡង់ធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រចាំខែ ជាមធ្យម ប្រហែល ៣២ម៉ឺននាក់ កាលពីឆ្នាំ២០១៩ ប៉ុន្តែ សម្រាប់ឆ្នាំ២០២៤នេះ ជាមធ្យម ទទួលបានប្រហែល ២៧០០០នាក់ប៉ុណ្ណោះ គិតមកដល់ពេលនេះ។

កាលពីឆ្នាំមុន វិស័យទេសចរណ៍បានរួមចំណែកប្រហែល ៨.២ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់ ដែលស្មើនឹង ៣.៥ ភាគរយនៃ GDP សរុប ជាហេតុនាំឲ្យវិស័យមួយនេះ ក្លាយជាឧស្សាហកម្មរកចំណូលដ៏ធំបំផុតមួយ របស់ប្រទេសនូវែហ្សេឡង់៕

ប្រភពពី Aljazeera ប្រែសម្រួល៖ សារ៉ាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner