ម្រេចនាំចំណូលជាង ១ពាន់លាន ដុល្លារដល់វៀតណាម

ហាណូយ ៖ វៀតណាមរំពឹងថា នឹងរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ ពីការនាំចេញម្រេចទៅក្រៅប្រទេសក្នុងពេលពេញមួយឆ្នាំ២០២៤នេះ។

យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានឱ្យដឹងថា វៀតណាមបានព្យាករថា ខ្លួននឹងអាចរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ ពីការនាំចេញម្រេចទៅកាន់ទីផ្សារក្រៅប្រទេសក្នុងពេលពេញមួយឆ្នាំ២០២៤នេះ ដោយផ្អែកលើតម្រូវការសកលខ្ពស់ និងការផ្គត់ផ្គង់មានកម្រិត។

សមាគម VPSA បាននិយាយថា ឧស្សាហកម្មម្រេចកំពុងស្ថិតនៅលើផ្លូវមួយត្រលប់ទៅប្រាក់ចំណូលខ្ទង់ពាន់លានដុល្លារ ខណៈគិតត្រឹមថ្ងៃទី៣០ ខែកក្កដាប៉ុណ្ណោះ វៀតណាមរកចំណូលពីការនាំចេញម្រេចឈានដល់ជាង ៧៦៤លានដុល្លារ។

ក្នុងរយៈពេល៧ខែមកនេះ ម្រេចវៀតណាមជាង ១៦៤,៣០០ តោនត្រូវបានលក់ទៅកាន់ទីផ្សារបរទេស ក្នុងតម្លៃនាំចេញជាមធ្យម ៤,៥៦៨ដុល្លារក្នុងមួយតោនសម្រាប់ម្រេចខ្មៅ កើនឡើង ៣៣,៧ភាគរយ និង ៦,១៩៥ដុល្លារក្នុងមួយតោនសម្រាប់ម្រេចស កើនឡើង ២៥ភាគរយ។ សហរដ្ឋអាមេរិកគឺជាអ្នកទិញម្រេចធំជាងគេរបស់វៀតណាម បន្ទាប់មកគឺអាល្លឺម៉ង់ អារ៉ាប់រួម និងឥណ្ឌា។

ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ការផ្គត់ផ្គង់ម្រេចអាចនឹងយឺតជាងតម្រូវការ។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយ VPSA នៅក្នុងតំបន់ Central Highlands បានឱ្យដឹងថា បញ្ហាអាកាសធាតុអាក្រក់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនោះ កសិករបានជ្រើសរើសការដាំទុរេន និងកាហ្វេល្អជាងម្រេច៕ ប្រភព : VNExpress ប្រែសម្រួលដោយ : ឈឹម ទីណា

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner