អឺរ៉ុបរិះគន់ម៉ុងហ្គោលីដែលមិនហ៊ានចាប់ខ្លួនលោក ពូទីន
ព្រុចសែល : សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានរិះគន់ប្រទេសម៉ុងហ្គោលី ដែលមិនហ៊ានចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។
សហភាពអឺរ៉ុបបានរិះគន់ចំៗលើម៉ុងហ្គោលី ចំពោះការខកខានអនុវត្តដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ។
អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អឺរ៉ុបមានការសោកស្តាយជាខ្លាំង ក្រោយម៉ុងហ្គោលីដែលជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់ ICC មិនបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងការអនុវត្តដីកាចាប់ខ្លួនលោក ពូទីន។
មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានតុលាការ ICC មានមូលដ្ឋាននៅទីក្រុងឡាអេ ចេញដីកាចាប់ខ្លួន ពីបទនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ ចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
អ៊ុយក្រែនបានប្រតិកម្មចំពោះទស្សនកិច្ចនេះ ជាមួយនឹងកំហឹង ហើយចោទប្រកាន់ម៉ុងហ្គោលីថា «ចែករំលែកការទទួលខុសត្រូវ» សម្រាប់ “ឧក្រិដ្ឋកម្មសង្គ្រាម” របស់លោក ពូទីន ក្រោយពេលដឹងថា មិនមានការចាប់ឃុំខ្លួនគាត់នៅព្រលានយន្តហោះ។
ទីក្រុងគៀវ បានជំរុញម៉ុងហ្គោលីឲ្យអនុវត្តដីកាចាប់ខ្លួន ខណៈដែលតុលាការ ICC បាននិយាយ កាលពីសប្តាហ៍មុនថា សមាជិកទាំងអស់របស់ខ្លួន មានកាតព្វកិច្ច ក្នុងការឃុំខ្លួនអ្នកដែលត្រូវតុលាការស្វែងរកចាប់ខ្លួន៕
ប្រភព : AFP ប្រែសម្រួល : ឈឹម ទីណា