មេធំ SpaceX ព្រមានថា អាមេរិកកំពុងដើរទៅរកផ្លូវក្ស័យធនយ៉ាងលឿន

វ៉ាស៊ីនតោន ៖ ប្រធានក្រុមហ៊ុន SpaceX លោក Elon Musk បានព្រមានថា សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅរកការក្ស័យធនយ៉ាងឆាប់រហ័ស ដោយសារតែរដ្ឋាភិបាលបច្ចុប្បន្នកំពុងចំណាយប្រាក់ច្រើនពេក។

យោងតាមការព្យាករណ៍ពីថវិការដ្ឋាភិបាលអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ បានបង្ហាញថា ឱនភាពថវិកាអាចកើនឡើងពី ១.៨ពាន់ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ន ដល់ជិត ១៦.៣ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣៥។

ឆ្លើយតបនឹងការព្យាករនេះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើវេទិកា X ថា យោងតាមអត្រានៃការចំណាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន សហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងផ្លូវយ៉ាងលឿនឆ្ពោះទៅរកការក្ស័យធន។

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានសង្កត់ធ្ងន់ថា ការចំណាយដ៏លើសលុបរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាអ្វីដែលបណ្តាលឱ្យមានអតិផរណានៅក្នុងប្រទេស។

អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោម ៣ភាគរយនៅក្នុងខែកក្កដាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិក ដែលបានចេញផ្សាយកាលពីពីរសប្តាហ៍មុន។

កាលពីចុងខែកក្កដា ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា បំណុលជាតិរបស់ប្រទេសខ្លួនបានកើនឡើងលើសពី ៣៥ពាន់ពាន់លានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលកើនឡើង ១ពាន់ពាន់លានដុល្លារចាប់តាំងពីខែមករា។

ការិយាល័យថវិកាសភា (CBO) ក៏បានព្យាករណ៍ដែរថា នៅឆ្នាំ ២០៣៤ បំណុលនឹងកើនលើសពី ៥០ពាន់ពាន់លានដុល្លារ ដែលស្មើនឹងជាង ១២២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិក។ CBO បានអះអាងទៀតថា ខ្លួនរំពឹងថា អត្រាកំណើន GDP ប្រចាំឆ្នាំជាមធ្យមរបស់អាមេរិក នឹងមានប្រហែល ១.៨ភាគរយ គិតចាប់ពីឆ្នាំ ២០២៩ ដល់ឆ្នាំ ២០៣៤។

ដោយឡែកកាលពីខែមិថុនា គណៈកម្មាធិការទទួលបន្ទុកថវិកាសហព័ន្ធ (CRFB) បានអះអាងថា បំណុលជាតិបានកើនឡើងចំនួន ៤.៣ពាន់លានដុល្លារ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បើធៀបនឹង ៨.៤ពាន់លានដុល្លារ ក្នុងអំឡុងពេលអាណត្តិរបស់លោក ដូណាល់ ត្រាំ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner