អាមេរិកបញ្ចេញគ្រឿងយន្តសម្អាតកញ្ចក់អគារខ្ពស់ៗដំបូងគេក្នុងពិភពលោក

វ៉ាស៊ីនតោន ៖ អគារការិយាល័យកម្ពស់ ៤៥ជាន់ នៅទីក្រុងញូវយ៉ក បានក្លាយជាអគារដំបូងគេក្នុងពិភពលោកដែលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសម្អាតបង្អួចស្វ័យប្រវត្តិ មានឈ្មោះថា Ozmo។

ការបង្កើតគ្រឿងយន្តនេះឡើងមានគោលបំណងមិនត្រឹមតែជួយបំពេញកង្វះកម្លាំងពលកម្ម ដែលកំពុងកើនឡើងនៃអ្នកសម្អាតបង្អួចប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងការពារមនុស្សឱ្យរួចផុតពីគ្រោះថ្នាក់ជាយថាហេតុផងដែរ។

គ្រឿងយន្តឆ្លាតវៃនេះ រចនាឡើងភ្ជាប់ជាមួយនឹងដៃមនុស្សយន្តមួយគូ ក្បាលជក់ និងទឹក រួមទាំងឧបករណ៍ចាប់សញ្ញាកម្លាំង និងមុខងារបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការលាងសម្អាតកញ្ចក់ប្រកបដោយប្រសិទ្ធភាព។ វាអាចមានសមត្ថភាពលាងសម្អាតកញ្ចក់អគារខ្ពស់ៗ លឿនជាងមនុស្សដល់ទៅ ៣ដងឯណោះ។

បច្ចុប្បន្ន គ្រឿងយន្ត Ozmo នៅត្រូវការមនុស្សបញ្ជាវានៅឡើយ ប៉ុន្តែទៅថ្ងៃអនាគត ក្រុមហ៊ុន អ្នកជំនាញនឹងធ្វើការអាប់ដេតវាឱ្យអាចដំណើរការដោយខ្លួនឯងពេញលេញតែម្តង។

ក្រុមហ៊ុន Skyline Robotics បានអភិវឌ្ឍ និងសាកល្បងគ្រឿងយន្តនេះអស់រយៈពេលពីរបីឆ្នាំមកហើយ ទើបតែពេលនេះ ក្រុមហ៊ុនសម្រេចចិត្តដាក់ឱ្យដំណើរការជាផ្លូវការ ដែលនេះជាជំហានចាប់ផ្តើមការដាក់ពង្រាយជាសកល។

បើតាមការគ្រោងទុកនោះ ក្រុមហ៊ុន Skyline នឹងដាក់ដំណើរការគ្រឿងយន្ត Ozmo នៅចក្រភពអង់គ្លេស ជប៉ុន និងសិង្ហបុរី៕

ប្រភព : newatlas ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner