ផ្ទុះបាតុកម្មនៅកូឡុំប៊ី ទាមទារបញ្ចុះថ្លៃប្រេងម៉ាស៊ូត
បូហ្គោតា៖ អ្នកបើកបរឡានដឹកទំនិញបន្តធ្វើបាតុកម្មនៅតាមដងផ្លូវនៃរដ្ឋធានីបូហ្គោតា ដែលជាផ្នែកមួយនៃការតវ៉ាដ៏ទូលំទូលាយនៅទូទាំងប្រទេសកូឡុំប៊ី ប្រឆាំងនឹងការដំឡើងថ្លៃប្រេងម៉ាស៊ូ។
អ្នកបើកបរបានចតរថយន្តរាប់រយគ្រឿងបិទផ្លូវសំខាន់ៗចូលទៅក្នុងរដ្ឋធានីបូហ្គោតា ដើម្បីតវ៉ាប្រឆាំងនឹងការដំឡើងថ្លៃប្រេងម៉ាស៊ូតជាលើកដំបូងនៅក្នុងប្រទេសកូឡុំប៊ី ក្នុងរយៈពេលជិត ៥ឆ្នាំ ដោយបង្ខំឱ្យសាលារៀនបិទទ្វារ និងជាប់គាំងការធ្វើចរាចរណ៍។
បាតុកម្មនេះផ្ទុះឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានដំឡើងតម្លៃប្រេងម៉ាស៊ូតចំនួន ២០ភាគរយ ដល់ ២.៧១ដុល្លារក្នុងមួយហ្គាឡុង កាលពីថ្ងៃទី៣១ ខែសីហា។
ការិយាល័យរបស់អភិបាលក្រុងបូហ្គោតា បានរាយការណ៍អំពីឡានដឹកទំនិញចំនួន ៨០០គ្រឿងបានចតបិទតំបន់សំខាន់ៗនៃរដ្ឋធានី ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្លូវប្រហែលកន្លះលាននាក់។
ទោះបីជាយ៉ាងណា សហព័ន្ធអ្នកដឹកជញ្ជូនទំនិញកូឡុំប៊ី បាននិយាយថា តម្លៃប្រេងម៉ាស៊ូតមិនគួរឡើងថ្លៃទេ ដោយសារប្រទេសនេះជាអ្នកផលិតប្រេង ហើយថា ចំណាត់ការរបស់រដ្ឋាភិបាលនឹងបន្ថែមសម្ពាធដល់តម្លៃម្ហូបអាហារ និងសម្ភារៈផ្សេងៗទៀត។ ប៉ុន្តែប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការផ្តល់អាហារដល់អ្នកអត់ឃ្លាន និងការអប់រំដល់កុមារ និងយុវជនរបស់យើង ទាមទារឱ្យយើងដំឡើងថ្លៃប្រេងម៉ាស៊ូត។
ក្រសួងហិរញ្ញវត្ថុដែលស្ថិតក្រោមសម្ពាធក្នុងការគ្រប់គ្រងការចំណាយ បាននិយាយថា ការតម្លើងថ្លៃនេះ នឹងជួយសន្សំថវិការដ្ឋាភិបាលបានចំនួន ៣៨០លានដុល្លារ សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំ២០២៤នេះ ហើយក៏នឹងជួយបន្ធូរបន្ថយ ០.៣ភាគរយនៃអតិផរណាប្រចាំឆ្នាំដែលបច្ចុប្បន្នកំពុងឈរនៅលើតួលេខ ៦.៨៦ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា