អ្នកប្រដាល់គុនខ្មែរ ហែម រើន កញ្ជ្រោលចង់ជួបមហាតាន់ ចង់ដឹងថា ធន់ និងតាន់ប៉ុណ្ណា
(ភ្នំពេញ)៖ ពន្លកថ្នាលគុនខ្មែរ ហែម រើន មកពីក្លិប សុភានូគុនខ្មែរ សមាគមកីឡារាជធានីភ្នំពេញ បានប្រាប់អប្សរាថា ខ្លួនពិតជាចង់ជួប មហាតាន់ខ្លាំងណាស់ ចង់ដឹងថា មហាតាន់ ធននិងរឹងមាំដូចឈ្មោះមែនឬអត់?។
ហែម រើន លើកឡើងទៀតថា នៅក្នុងជំនួបនេះ គេដឹងច្បាស់ថា មហាតាន់ និង វាយបុកសន្ធាប់ខ្លាំងមកលើរូបគេ ហើយ រូបគេក៏ថយវាយនិងបុកទៅវិញតាមបច្ចេកទេសដែលបានហាត់រៀន ធ្វើយ៉ាងណាឱ្យទស្សនិកជនអ្នកទស្សនាជក់ចិត្ត និងឱ្យមិនខកចិត្តនៅក្នុងជំនួបប៉ះកីឡាករល្អតាន់និងធននេះឡើយ។
សម្រាប់ មហាតាន់ អ្នកចូលចិត្តវាយបុក បាននិយាយថា ក្នុងជំនួបប៉ះ ហែម រើននេះ គេមិនមើលស្រាលឡើយ ពោល គឺការប្រកួតវាយតាមក្បាច់ ដ្បិតគេដឹងថា ហែម រើន ជាកីឡាករវាយក្បាច់។ តែទោះជាបែបនេះក្តី មហាតាន់ កីឡាករចូលចិត្តវាយបុក សំណូមពរឱ្យ ហែម រើន វាយបុកដូចគ្នា ដើម្បីឱ្យជ័យជម្នះដាច់ស្រឡេះតែម្តង។
ជំនួប ហែម រើន និងមហាតាន់ ប្រកួតនៅក្នុងប្រភេទទម្ងន់៦០គីឡូក្រាម គូទី៩ នៅក្នុងកម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរ នៅថ្ងៃទី៤ ខែ កញ្ញាយប់នេះ ដោយផ្សាយផ្ទាល់នៅលើកញ្ចក់ទូរស្សន៍អប្សរា និងផ្សាយបន្តលើផេកផ្លូវការរបស់AMS SPORT។
ក្រៅពីជំនួបដ៏កក្រើករវាងមហាតាន់ និង ហែម រើន ក៏មានគូថ្នាលជក់ចិត្តចំនួន ៨គូទៀតផងដែរ ដោយក្នុងនោះគូទី១ កីឡាករ ឃុន ឡៃ ប៉ះ កីឡាករ ធីរដ្ឋា ប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម។គូទី២ កីឡាករ រិទ្ធី ដាក់ ដា ប៉ះ កីឡាករ ផន ផាន់ណារិទ្ធ ប្រកួតលើប្រភេទទម្ងន់៥១គីឡូក្រាម។គូទី៣ កីឡាករ សំ អូន ដូណា ប៉ះ កីឡាករ ថៅ ឈុនហៀង ប្រកួតក្នុងប្រភេទទម្ងន់៤៤គីឡូក្រាម។គូទី៤ កីឡាករ ចឹក វិល័យ ប៉ះកីឡាករ សុខម ប៊ុនណាត ប្រកួតក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។គូទី៥ កីឡាករ រិកគី សុខរ៉ាន់ ប៉ះ កីឡាករ ឬទ្ធី តូរ៉ូ ប្រកួតក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ គូទី៦ កីឡាករ គង់ តារា ប៉ះកីឡាករ ត្រាន់ លីដែត ប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
គូទី៧ កីឡាករ រីគី ជ័យសុផល ប៉ះកីឡាករ ឡុង រ៉ាខេន ប្រកួតក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។គូទី៨ សាដូ ប៊ុកស៊ីង ប៉ះ កីឡាករ យ៉េន បូរ៉ា ប្រកួតក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម៕
រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ